ភ្នំពេញ: ស្ត្រីបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ជិះម៉ូតូឌ្រីមសង់សេ១២៥ ទៅជិតដល់ក្រុមហ៊ុនកំពុងបត់ចូល ត្រូវក្រុមក្មេងសិស្សសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្តាលអោយដួលរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ភ្នាក់ងារ Post News បានអោយដឹងថា ស្ត្រីរងគ្រោះបានធ្វើដំណើរតាមផ្លូវ ៣៤៧ ពីលិចទៅកើតមកដល់ខាងមុខក្រុមហ៊ុនធ្វើការងារ ស្រាប់តែមានក្រុមក្មេងជនសង្ស័យចំនួន៥នាក់ជិះម៉ូតូចំនួន២គ្រឿង មកកៀបហើយធ្វើសកម្មភាពឆក់កាបូបស្ពាយ បណ្តាលអោយស្ត្រីរងគ្រោះដួលរងរបួសធ្ងន់ និង បានបាត់បង់ទូរសព្ទអាយហ្វូនស៊ិចផ្លឹសពណ៌មាស មួយគ្រឿង លុយខ្មែរ លុយដុល្លារ និង អត្តសញ្ញាណប័ណ្ណឯកសារការងារមួយចំនួនទៀត ។ រីឯក្រុមក្មេងជនសង្ស័យបន្ទាប់ពីឆក់កាបូបបានហើយប្រហែលសាមសិបម៉ែត្រ ក៏លើកកាបូបបង្ហាញឌឺ ស្រាប់តែអ្នកបើកម៉ូតូរវល់លើកបង្ហាញក៏ជិះទៅបុករថយន្តបណ្តាលអោយដួល អ្នកបើកម៉ូតូក៏ងើបរត់រើសកាបូប និងរត់ទៅឡើងម៉ូតូមួយទៀត ដែលមានគ្នាសរុបចំនួន៤នាក់ ហើយនៅសល់អ្នកជិះខាងក្រោយត្រូវបានប្រជាពលរដ្ឋនៅជុំវិញចាប់បានជាមួយម៉ូតូម៉ាកឡេត ពណ៌ស ស្លាកលេខ ភ្នំពេញ 1GA-9581 ប្រគល់ជូនសមត្ថកិច្ចតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យម្នាក់ដែលត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ចមានឈ្មោះ ម៉ែន ដេវិត ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះម្តុំផ្សារធំថ្មី សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូ Suzuki Let’s ពណ៌ស ស្លាកលេខ ភ្នំពេញ 1GA-9581 ដែលអង្គុយជិះនៅពេលខាងក្រោយអ្នកដែលធ្វើសកម្មភាពឆក់កាបូបស្ពាយ និងជាអ្នកបើកម៉ូតូទៀត ។
គួរកត់សំគាល់ផងដែរថា សកម្មភាពឆក់ប្លន់បានកើតឡើងសារជាថ្មីម្តងទៀតហើយនៅក្នុងសង្កាត់បឹងកក់១ បានធ្វើអោយមានការព្រួយបារម្មណ៍អំពីសុវត្ថិភាពសន្តិសុខ ហើយរូបភាពក្រុមក្មេងសិស្សសាលាវិទ្យាល័យព្រះស៊ីសុវត្ថិមានពាក់អាវខាងក្រៅមួយងាយស្រួលបន្លំពេលធ្វើសកម្មភាពឆក់ហើយភ្លាមៗ ដោយអាវខាងក្រៅពណ៌ផ្សេងមិនមែនជាអាវសិស្សសាលាទេ ។
បច្ចុប្បន្នស្ត្រីរងគ្រោះក្រោយពីបាត់បង់ទ្រព្យសម្បត្តិ និងរងរបួសធ្ងន់ត្រូវបានអ្នករួមការងារជាមួយជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យ និងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕




មតិយោបល់