ព័ត៌មានកីឡា

Klopp ​ថា Liverpool ​អាច​នឹង​គ្មាន​ឈ្មោះ​លេង Champions League ​ទៀត​រដូវកាល​ក្រោយ

លោក Jurgen Klopp ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​អាច​នឹង​ប្រឈម​ការ​មិន​បាន​ចូល​លេង​ពាន UEFA Champions League ​ទៀត​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​ការ​ប្រជែង​ Top4 ​កំពុង​តែ​ក្ដៅ​គគុក​នៅ​អង់គ្លេស។

Liverpool ​បាន​បាត់បង់​តំណែង​ប្រជែង​ពាន​រង្វាន់ Premier League ​ហើយ ក្រោយ​ពី​យក​ឈ្នះ​បាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ប៉ុន្តែ​ពេល​ប៉ះ​ជាមួយ​ក្រុម​ខ្សោយ​បែរ​ជា​ទទួល​បាន​លទ្ធផល​មិន​ល្អ​ទៅ​វិញ។ ទន្ទឹម​គ្នា​នឹង​នេះ​ដែរ លោក Klopp ​កំពុង​តែ​បារម្ភ​ចំពោះ​ក្រុម​ទាំង​មូល​ហើយ ​ដោយ​អាច​នឹង​មិន​បាន​លេង​ពាន Champions League ​ទៀត ​ប្រសិន​ណា​បើ​ពួកគេ​មិន​អាច​រក្សា​ទម្រង់​លេង​ល្អ​យក​ឈ្នះ​ការ​ប្រកួត​នៅ​សល់​ក្នុង​ដៃ​ទេ​នោះ។

“ច្បាស់​ណាស់ ​វា​នៅ​ក្នុង​ដៃ​ពួកយើង​នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​ត្រូវ​ប្រឈម​បញ្ហា​ច្រើន​ដើម្បី​សម្រេច​គោលដៅ​បាន​លេង​ Champions League ​វិញ។ អ្នក​គាំទ្រ​ពិត​ជា​អស់​សង្ឃឹម​លើ​យើង ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​បាន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បារម្ភ​ចំពោះ​ការ​មិន​ឈាន​ដល់​គោលដៅ​ដដែល។ Top4 ​កំពុង​តែ​មាន​ការ​ប្រជែង​ខ្លាំង ​ខណៈ​ដែល​ក្រុម​របស់​យើង​លេង​មិន​ល្អ​សោះ ពេល​ប៉ះ​ក្រុម​ខ្សោយ​ៗ​នៅ​ខាង​ក្រោម”។ សម្ដី​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់។

Liverpool ​បច្ចុប្បន្ន​កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង ​ដោយ​មាន​៥២​ពិន្ទុ​ក្នុង​២៧​ប្រកួត ​ខណៈ​ដែល​ក្រុម Arsenal ​នៅ​លេខ​៥ ​មាន​៥០​ពិន្ទុ​ក្នុង​២៦​ប្រកួត និង Manchester United ​មាន​៤៩​ពិន្ទុ ​​ឈរ​លេខ​៦​ក្នុង​២៦​ប្រកួត៕

មតិយោបល់