ភ្នំពេញ: លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញ និងជាអ្នកនាំពាក្យអយ្យអមសាលាដំបូងភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ” តំណាងអយ្យការបានសាកសួរលោក អ៊ូ វីរៈ ទៅលើពាក្យបណ្តឹង និងភស្តុតាងនៅក្នុងសំណុំរឿង ហើយនិងកំពុងបន្តចំណាត់ការស៊ើបអង្កេត លើរឿងក្តីនេះ”។ ការថ្លែងបែបនេះនៅគ្រាដែលលោក អ៊ូ វីរៈ ត្រូវបានលោក សៀង សុខ តំណាងអយ្យការ ចេញដីកាកោះហៅ ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនិងបណ្តឹងបរិហាកេរ្តិ៍ គណបក្សប្រជាជន ដែលមានលោក សុខ ឥសាន ជាអ្នកនាំពាក្យគណប្រជាជនកម្ពុជា ជាដើមបណ្តឹងតំណាងឱ្យគណបក្សមួយនេះ។
លោក អ៊ូ វីរៈ បានថ្លែងនៅក្រៅរបងតុលាការ នៅក្រោយពេលចេញពីបំភ្លឺ ចំពោះមុខតំណាងអយ្យការថា លោកសុំសំណូមពរឱ្យតុលាការ តំកល់សំណុំរឿងនេះមិនចាត់ការ ព្រោះលោកមិនបានធ្វើដូចការចោទប្រកាន់នោះទេ ហើយក៏គ្មានភស្តុតាងអ្វីដាក់បន្ទុកលើរូបលោកដែរ។
សូមបញ្ជាក់ថា លោក សុខ ឥសាន ក្នុងនាមជាតំណាងឱ្យគណបក្សប្រជានកម្ពុជា បានដាក់ពាក្យបណ្តឹងមកសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដោយប្តឹងលោក អ៊ូ វីរៈ ពីបទ បរិហាកេរ្តិ៍ ដែលផ្តើមចេញពីសំដីរបស់លោក អ៊ូ វីរៈ ដែលថា “យុទ្ធសាស្ត្រគណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ “ការដែលគណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក គូប្រកួតប្រជែងនយោបាយតាមរបៀបនេះ និងកាន់តែធ្វើឱ្យកាន់តែបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះ មួយចំនួនក៏មិនពេញចិត្តនឹងយន្តការនេះដែរ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា និងតំណាងឱ្យគណៈបក្សមួយនេះ បានថ្លែងទៅកាន់អ្នសារព័ត៌មានកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះថា “គណបក្សប្រជាជនកម្ពុជា ប្តឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ ចំនួន ៤០០លានរៀលពី លោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ”៕
មតិយោបល់