ព័ត៌មានជាតិ

ជាងជួសជុលរថយន្តក្នុងយានដ្ឋាន តុង បូរិន២នាក់ ទាស់គ្នារឿងកាត់ទ្វារឡានប្រើហិង្សា បណ្តាលឲ្យម្នាក់របួសក្បាលដេរ៣ថ្នេរ

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹង នៅថ្ងៃច័ន្ទ ៤រោច ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ថា មានករណីហិង្សា ធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចក្នុងយានដ្ឋានជួសជុលរថយន្ត របស់ឈ្មោះ តុង បូរិន ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ តុង បូរិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ជាងជួសជុលរថយន្ត មានទីលំនៅភូមិ-ឃុំកើតហេតុ មានរបួសចំក្បាលពីលើភ្នែកខាងស្ដាំដេរចំនួន០៣ថ្នេរ ។ ចំណែកជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ភឿន សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិ-ឃុំកើតហេតុ។

វត្ថុតាងចាប់យក៖១.ពូថៅ ដងធ្វើអំពីឈើប្រវែង៤៥សង់ទីម៉ែត្រ ផ្លែមានទំហំ៧.៥សង់ទីម៉ែត្រចំនួន០១។ ២.ដុំថ្មចំនួន០១ដុំ។

ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន នឹងពេលផឹកស៊ីស្រវឹងម្ដងៗ តែងតែប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យបានតេទូរស័ព្ទទៅជនរងគ្រោះសូមកាត់ទ្វាររថយន្តនៅក្នុង យានដ្ឋានជួសជុល ដើម្បីយកទៅជួសជុល រថយន្តឲ្យគេនៅភ្នំពេញ ពេលនោះជនរងគ្រោះ ក៏បានយល់ព្រមឲ្យជនសង្ស័យកាត់ទ្វារចាស់ៗ ដែលទុកចោលនៅក្នុងយានដ្ឋាន ។ លុះដល់វេលាម៉ោង២២និង៣០នាទី ជនរងគ្រោះបានមកពីកម្មវិធី នៅផ្ទះរបស់ឈ្មោះ រស់ ពេលមកដល់យានដ្ឋានរបស់ខ្លួនវិញ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងអង្គុយហូបបាយនៅលើគ្រែ ក្នុងយានដ្ឋាន ពេលនោះជនរងគ្រោះក៏បានសួរ ទៅជនសង្ស័យថា អុល ម៉េចបានកាត់ទ្វារឡាន៥តោន មិនកាត់ទ្វារឡាន២តោនកន្លះទៅ ក្នុងពេលនោះជនសង្ស័យបានឆ្លើយថា អញរកទ្វារឡានពីតោនកន្លះអត់ឃើញ អញក៏កាត់ទ្វារឡាន៥តោននិងទៅ ម៉េចអញកាត់មិនបាន ទ្វារអាចម៍អញ្ចឹងវាគ្មានប្រយោជន៍ ទុកក៏គ្មាននរណាទិញដែរ ហើយជនរងគ្រោះក៏បាននិយាយទៅវិញថា គ្មានប្រយោជន៍សម្រាប់អូនឯងទេ តែគេទុកនឹងមានប្រយោជន៍បានគេទុក ស្រាប់តែពេលនោះជនសង្ស័យបានរើសដុំថ្មដែលនៅជិតខ្លួន យកមក វាយទៅលើជនរងគ្រោះ និងបម្រុងវាយរថយន្ត របស់ជនរងគ្រោះថែមទៀត ក្នុងពេលនោះឈ្មោះ ភឿន សំអាត ត្រូវជាបងថ្លៃរបស់ជនរងគ្រោះបានមកចាប់ឃាត់ បន្ទាប់មកជនសង្ស័យ ក៏បានស្ទុះទៅយកពូថៅទៅវាយលើរថយន្ត ដែលគេយកមកជួសជុលនៅក្នុងយានដ្ឋាន ធ្វើឲ្យខូចខាតជាច្រើនទៀត រួចហើយជនសង្ស័យ ក៏បានទៅប្រមូលខោអាវរបស់ជនរងគ្រោះ យកទៅដុតបំផ្លាញចោលថែមទៀត ។ បន្ទាប់មកជនរងគ្រោះ បានមកប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដុំថ្មវាយទៅលើជនរងគ្រោះនិងវាយបំផ្លាញរថយន្តនៅក្នុងយានដ្ឋាន ព្រមទាំងដុតខោអាវរបស់ជនរងគ្រោះពិតមែន។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់