ព័ត៌មានសិល្បៈ និងកម្សាន្ត

ហង្ស ម៉ារិនី ល្បីមានបង្អែកបើកហាង«Unique» អោយ២០ម៉ឺនដុល្លារ

តាំងពីបានជាប់ឈ្មោះជាម្ចាស់ជ័យលាភីលេខ១ជំនាន់ទី៦ ក្នុងការប្រកួតកម្មវិធី«ខ្ញុំជាយុវជនគំរូកម្ពុជា»កាលពីឆ្នាំ២០១៦ គេកត់សម្គាល់ថាតារាសម្ដែងនាង ហង្ស ម៉ារិនី ឡើងកូដយ៉ាងខ្លាំង ទាំងការងារសិល្បៈ រូបសម្រស់ និងភាពឡូយឆាយ។ អ្វីដែលគេកត់សម្គាល់គឺនាងត្រូវបានគេសង្ស័យថាបានក្លាយជាថៅកែហាងនាំចូលផលិតផលថែរក្សាសម្រស់ធំមួយរបស់កូរ៉េយីហោ Unique ដែលត្រូវគេដឹងថាប្រើទុនមិនក្រោម២០ម៉ឺនដុល្លារ។

គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលហង្ស ម៉ារិនី ទើបតែត្រូវគេសង្ស័យថាមានបុរសទ្រព្យស្ដុកនៅពីក្រោយខ្នងក្រោយបានល្បីឈ្មោះផង ស្រាប់តែឃើញនាងចេញមុខចេញមាត់យ៉ាងសកម្មជាមួយនឹងហាងថ្មីសន្លាងនៅទល់មុខក្រុមហ៊ុនមិត្តហ្វូន ម្ដុំស្ដុបផ្សារដើមគរ ដោយនៅហាងនោះក៏តាំងរូបរបស់នាងដែលមិនខុសពីនាងគឺជាម្ចាស់ហាង។ គាប់ជួនជាលើហ្វេសប៊ុក គេឃើញតារាស្រីរូបនេះ បង្ហោះតែវីដេអូស្ដីផលិតផល Unique និងLive មិនស្គាល់យប់ថ្ងៃពីគុណប្រយោជន៍របស់ផលិតផលល្បីឈ្មោះរបស់កូរ៉េមួយនេះ ទើបធ្វើអោយអ្នកណាក៏ចាប់អារម្មណ៍ភ្លាមថា ហង្ស ម៉ារិនី ពិតជាម្ចាស់ហាង Unique មួយនោះ ដោយសារតែនាងធ្លាប់បានប្រកាសថាចង់បើកហាងនាំចូលផលិតផលពីបរទេសយកមកប្រជែងទីផ្សារកន្លងមក។ តារាសិល្បៈសុទ្ធតែអះអាងថា ហង្ស ម៉ារិនី មានបង្អែកពីក្រោយខ្នងអោយបោះទុនបើកហាងUnique តែត្រូវបាននាងប្រកែកដើម្បី កុំអោយគេយល់កាន់តែខ្លាំងថានាងមានជំនួយពីបុរសទ្រព្យស្ដុកទើបមានប្រាក់ឆាប់ម្ល៉ឹង។ ប្រភពមួយបានលើកឡើងថា យោងតាមកេរ្តិ៍ឈ្មោះហង្ស ម៉ារិនី មិនទាន់ត្រូវបានផលិតផលល្បីឈ្មោះរបស់កូរ៉េមួយនេះអោយធ្វើជាតំណាងផលិតផលនោះទេ ប៉ុន្តែបណ្ដាលមកពីនាងជាម្ចាស់ហាង ហើយចង់លាក់ឈ្មោះ ទើបនៅមុខហាងក៏តាំងរូបនាង ហើយលើហ្វេសប៊ុកក៏នាងបង្ហោះ និងLive តែផលិតផល Unique ដែលសុទ្ធតែជាទង្វើរបស់តារាជាម្ចាស់ហាងត្រូវធ្វើ។ នេះជាមុខមាត់ថ្មីបន្ទាប់ពីនាងទើបតែត្រូវគេដឹងថាបានតំណែងនៅក្នុងស្ថាប័នក្រសួងមហាផ្ទៃ និងបានហាងលក់តុក្កតាធំដុំ។

ហង្ស ម៉ារិនី បានសារភាពថាមិនមែនទើបតែពលនេះទេ ដែលគេយល់ថាហាងនាំចូលផលិតផលកូរ៉េយីហោ«Unique » នៅម្ដុំស្ដុបសណ្ឋាគារអ៊ីនធឺខុនទល់មុខក្រុមហ៊ុនមិត្តហ្វូនជាហាងរបស់នាង គឺដំណឹងមួយនេះបានកើតមានឡើងតាំងពីហាង«Unique » មិនទាន់ដំឡើងជាហាងធំដុំនៅទីតាំងនោះម្ល៉េះ។ នាងថាហេតុផលដែលនាងចេញមុខឃោសនាផលិតផលរក្សាសម្ផស្សច្រើនមុខមិនថាផលិតផលសម្រាប់ស្បែកមុខ ដងខ្លួន និងសក់ជាដើមដែលបាននាំចូលផ្ដាច់មុខពីកូរ៉េ គឺដោយសារតែចង់ហាត់រៀនធ្វើជំនួញ និងដោយសារតែម្ចាស់ហាង«Unique » គឺជាបងស្រីធម៌របស់ខ្លួនប៉ុណ្ណោះ។ នាងថាការព្រលយថានាងមានហាងធំដុំបែបនេះ គឺជារឿងមោទនៈ ប៉ុន្តែនៅពីក្រោយការសរសើរ ក៏ធ្វើអោយនាងខូចឈ្មោះព្រោះត្រូវគេចោទថានាងមានជំនួយរាប់សែនដុល្លារបើកហាងនាំចូលផលិតផលUnique ដែលជាផលិតផលសម្រស់ល្បីឈ្មោះរបស់កូរ៉េទៅវិញទេ។ នាងថាហាងនេះជាបងស្រីធម៌របស់ខ្លួនឈ្មោះ អ៊ា ប៉ហ៊ាប នោះទេ ហើយបណ្ដាលមកពីអ្នកស្រីស្រឡាញ់រាប់អាននាង ទើបប្រើរូបនាងជាប៉ាណូ ហើយថែមទាំងអោយនាងចុះផលិតវីដេអូចែកចាយផលិតផល និងឃោសនាផលិតផល រហូតមានការយល់ច្រលំ។

ថ្លែងតាមបណ្ដាញទូរស័ព្ទ អ្នកស្រី អ៊ា ប៉ហ៊ាប បានអះអាងថាខ្លួនពិតជាម្ចាស់ហាងនោះពិតមែន។ អ្នកស្រីថាខ្លួនបោះទុនប្រមាណ២០ម៉ឺនដុល្លារបើកហាង និងនាំចូលផលិតផលមួយនេះពីកូរ៉េ តែដោយសារតែអ្នកស្រីចង់លើកមុខលើកមាត់ដល់ហង្ស ម៉ារិនី ទើបសម្រេចចិត្តជ្រើសនាងអោយចេញមុខ រហូតដល់មានការយល់ច្រលំបែបនោះ។ អ្នកស្រីថាមិនខឹងនឹងការចុះផ្សាយនោះទេ តែអ្នកស្រីបារម្ភខ្លាច ហង្ស ម៉ារិនី ត្រូវគេចោទខ្លាំងឡើងថាមានបុរសជួយនាងអោយបើកហាង«Unique »ទៅវិញទេ ដោយសារតែផលិតផលថែរក្សាសម្រស់យីហោមួយនេះគឺល្បីឈ្មោះនៅកូរ៉េ ហើយមិនមែនប្រើដើមទិញក្នុងការទិញប្រេននាំចូល៕

មតិយោបល់