ព័ត៌មានជាតិ

ផឹកស្រាស! ឌឺដងរឿងលុយចុះឡើង ទាញផ្គាក់កាប់បុរសវៀតណាមម្នាក់របួសធ្ងន់

កណ្តាល: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ ដែលជាមិត្តនឹងគ្នា ផឹកស្រាសស្រវឹងរៀងខ្លួន ឌឺដងពាក្យសម្តីគ្នារឿងលុយចុះឡើង ទាស់គ្នាទាញផ្គាក់កាប់បុរសម្នាក់របួសដៃយ៉ាងធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចចាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិសំរោងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះខាងលើមានឈ្មោះ វណ្ណា ម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ រងបួសកំភួនដៃខាងឆ្វេងជាទម្ងន់។

ចំណែកជនដៃដល់មានឈ្មោះ ស្រស់ ស្រីស្រួល (ហៅមាស) ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន កាំបិតផ្គាក់ចំនួន១, ដែកបំពង់ ១ប្រវែង ១,៧០ម៉ែត្រ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានផឹកស្រាសជាមួយគ្នា រហូតដល់ស្រវឹងយ៉ាងខ្លាំងរៀងៗខ្លួន ជនរងគ្រោះក៏បាននិយាយឌឺដងឲ្យជនដៃដល់ថា «ឯងកុំខ្លាំងដាក់អញ សូម្បីតែកាលពីទៅធ្វើកម្មករនៅប្រទេសថៃទាំង២នាក់ ក៏ឯងរកលុយចាញ់អញដែរ» នៅពេលនោះជនដៃដល់បានខឹង ក៏បានជេគ្នាទៅវិញទៅមក ភ្លាមនោះដោយសារតែទប់កំហឹងមិនបាន ជនដៃដល់បានដើរចេញពីកន្លែងផឹក ទៅយកកាំបិតផ្គាក់ និងដែកបំពង់ទីប របស់ខ្លួន មកកាប់និងវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលរបួសនៅប្រទេសវៀតណាម ចំណែក ជនដៃដល់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។

//youtu.be/Mvx5UKlnbO0

មតិយោបល់