ព័ត៌មានជាតិ

រន្ធត់! កម្មករសំណង់ម្នាក់ឈោងចាប់ធុងខ្សាច់ជាន់ផុតក្តា ធ្លាក់តាំងពីជាន់ទី២ជុងចម្រឹងដែករបួសធ្ងន់

ភ្នំពេញៈ កម្មករសំណង់ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីឈោងចាប់ធុងខ្សាច់ដែលយោងទៅជាន់លើ ភ្នាត់ស្នៀតជាន់ផុតក្តាទម្រ ផុងរបូតជើងធ្លាក់តាំងពីជាន់ទី២ មកជុងចម្រឹងដែកទ្វារ បណ្តាលឲ្យមុតរយះជើង ទ្រូងយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់ ផ្ទះមួយកន្លែងក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះ ផាន់ សៀន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មកធ្វើការងារបានរយៈពេល២ខែមកហើយ ស្នាក់នៅក្នុងការដ្ឋានសំណង់ កន្លែងកើតហេតុ មានប្រពន្ធឈ្មោះ មុល ម៉ារិន អាយុ៣២ឆ្នាំ មានកូនចំនួន៤នាក់ ដោយមានស្រុកកំណើតនៅភូមិព្រៃខ្ជាយ ឃុំស្នាយអាណិត ស្រុកជុំគិរី ខេត្តកំពត ។ចំណែកម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ ញ៉េម អាង ភេទស្រី អាយុ៦៤ឆ្នាំ ។

តាមសម្តីសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានមកបម្រើការងារអស់រយៈពេល២ខែកន្លងមកហើយ ដោយស្នាក់នៅក្នុងការដ្ឋនសំណង់តែម្តង ហើយនៅមុនពេលកើតហេតុ ខណៈដែលម៉ោងការងារត្រូវបានបញ្ចប់ តែជនរងគ្រោះនៅបង្ហើយ ដោយរង់ចាំចាប់យកធុងខ្សាច់ យោងយកទៅដាក់នៅជាន់ទី២ ពេលដែលធុងខ្សាច់ដល់លើហើយនោះ ជនរងគ្រោះក៏ឈោងចាប់យកធុង តែភ្លាត់ស្នៀតពេលដែលជាន់ក្តាទម្រ បែជាផុតជើងជ្រុលធ្លាក់តាំងពីជាន់ទី២មកជុងចម្រឹងដែកទ្វារបណ្តាលឲ្យរងរបួសមុតរយៈជើងស្តាំ ទ្រូងធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅរុំជូត ឃាត់ឈាមជាបឋមរួច បន្តដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បសង្គ្រោះនិងព្យាបាលតែម្តង៕

https://youtu.be/xU8RhmtCS_s

មតិយោបល់