ព័ត៌មានជាតិ

មេប៉ុស្តិ៍ជ្រោយតាកែវ រងការចោទប្រកាន់ថាវាយជាន់កយុវជនម្នាក់ឲ្យរងបួស ក្រោយពីជិះម៉ូតូវ៉ា តែលោកមេប៉ុស្តិ៍បដិសេធ

កណ្តាលៈ លោកអនុសេនីយ៍ទោ ចាន់ វរ័ មេប៉ុស្តិ៍រដ្ឋបាលឃុំជ្រោយតាកែវ ត្រូវបានយុវជនម្នាក់ ចោទប្រកាន់ថាបានវាយធាក់ និងជាន់កឲ្យរបួសក្នុងស្ថានភាពស្រវឹងបន្ទាប់ពីយុវជនទាំង២នាក់នេះបានជិះម៉ូតូវ៉ាលោកមេប៉ុស្តិ៍តាមផ្លូវជាតិលេខ១១០។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិលេខ៩ ព្រែកភូមិឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជនរងគ្រោះខាងលើនេះ មានឈ្មោះ សារី ផាន់ណាត រស់នៅក្នុងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ដោយបានជិះម៉ូតូតាមដងផ្លូវលេខ១១០ ឌុបគ្នា២នាក់ក្នុងស្ថានភាពស្រវឹង និងជ្រេពេញផ្លូវ។

បើតាមម្តាយជនរងគ្រោះឈ្មោះ សុខ សារឿន ដែលភ្នាក់ងារ Post News តាមទាក់ទងតាមទូរសព្ទដោយចោទជាសំណួរថា «តើគាត់បានសរសេរពាក្យបណ្តឹង ដើម្បីប្តឹងមេប៉ុស្តិ៍រួចរាល់ហើយឬនៅ?» តែបើទោះជាយ៉ាង ស្ត្រីខាងលើមិនបាននិយាយប្រាប់អ្វីច្រើននោះទេ គាត់បាននិយាយយ៉ាងខ្លីថា ចាំចរចារ ជាមុនសិន។

បើតាមលោក ចែម លាង មេភូមិជ្រួយតាកែវ បានឲ្យPost News ដឹងថា ក្នុងហេតុការណ៍នេះ លោកបានដឹងនៅក្នុងហេតុការណ៍ពេលដែលដួលម៉ូតូ ហើយឃើញក្មេងៗអង្គុយហើយសំពះ និងនិយាយថា«ខ្ញុំខុសហើយ»។

លោកមេភូមិបន្តថា ហេតុការណ៍ពេលដែលម៉ូតូដួល គាត់ឃើញក្មេងៗបានសំពះហើយនិយាយថា« មេខ្ញុំខុសហើយ ឲ្យខ្ញុំសុំទោស» ហើយបើថាប៉ូលិសនោះបានវាយធាក់ជាន់ក ដូចជាគ្មានទេនៅក្នុងហេតុការណ៍ខាងលើ! ។បើមើលជាក់ស្តែងនោះ របួសលើផ្ទៃមុខគឺជនរងគ្រោះបានដួលម៉ូតូ ត្រូវទៅលើផ្លូវអ៊ុតកៅស៊ូ បណ្តាលឲ្យអូសរយះលើផ្ទៃមុខបែបនេះ។

ទាក់ទងនឹងការចោទប្រកាន់នេះដែរ លោក ចាន់ វរ័ បានប្រាប់Post Newsថា លោកបានច្រានចោលក្នុងការចោទប្រកាន់ទៅលើក្នុងការវាយឈ្មោះ សារី ផាន់ណាត់ ទាំងស្រុង ហើយលោកបានបញ្ជាក់ បង្ហាញថា មុនពេលកើតហេតុ លោកបានជិះម៉ូតូ ដើម្បីល្បាតក្នុងភូមិសាស្ត្រនៅផ្លូវលេខ១១០ ភូមិព្រែក ឃុំព្រែកជ្រោយតាកែវ ក៏ឃើញម៉ូតូមួយគ្រឿង ឌុបគ្នាបើករេពេញតាមផ្លូវ ឃើញដូច្នោះលោកជាសមត្ថកិច្ចបានបើកបរតាមក្រោយ ពេលនោះម៉ូតូនៅខាងមុខបានបើករេចុះរេឡើង លោកក៏ដេញតាម ដល់ចំណុចកើតហេតុ ជនរងគ្រោះគេចពីរថយន្ត និងគេចពីម៉ូតូផ្សេងទៀតនៅខាងមុខ ក៏បណ្តាលឲ្យដួលខ្លួនឯងតែម្តង។ ហើយបន្ទាប់ពីដួលហើយនោះ យុវជនទាំង២នាក់ បានអង្គុយលើកដៃសំពះថា« សុំទោសមេសុំទោស» ពេលនោះលោកបានឈប់ ហើយវាយជន្ទុលម៉ូតូ ដើម្បីសួរនាំ ដោយស្គាល់ឪពុកម្តាយ បានរាប់អានគ្នានោះ លោកក៏អនុញ្ញាតឲ្យទៅផ្ទះវិញតែម្តង។

ចំណែកលោក ស៊ីម ឃាង អធិការស្រុកកោះធំបានប្រាប់Post News នៅរសៀលថ្ងៃទី១៥ ខែមីនានេះថា ខាងជនរងគ្រោះ បានទើបតែមកដាក់ពាក្យបណ្តឹង ហើយលោកក៏ទទួលបានពាក្យបណ្តឹង លោកក៏បានឲ្យកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវមើលថា តើករណីខាងលើ ពិតមែនឬយ៉ាងណា!។

លោកអធិការ បន្តទៀតថា ករណីខាងលើ លោកអត់ទាន់ហ៊ានសន្និដ្ឋាននោះទេ ហើយលោកក៏បានប្រាប់ទៅមេប៉ុស្តិ៍ឲ្យធ្វើរបាយការណ៍មកឲ្យគាត់ផងដែរ។ លោកអធិការបានបន្តបញ្ជាក់ថា បើរឿងខាងលើមានពិតមែន លោកនឹងធ្វើការសម្របសម្រួល ដោយសារតែរឿងនេះវាជារឿងតូច។

ក្នុងនោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកជ្រោយតាកែវ នឹងរង់ចាំមើលថាបើរឿងខាងលើលោកមេប៉ុស្តិ៍បានប្រព្រឹត្ត ដូចដែលយុវជនខាងលើ ចោទប្រកាន់ពិតមែន តើលោកអធិការ នឹងមានវិធានការបែបណាទៅលើលោកមេប៉ុស្តិ៍រូបនោះ ?៕

មតិយោបល់