ភ្នំពេញ: នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចប្រកាសសាដីកា បន្ថយទោសជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ មានតួនាទី នគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ១ ដាក់ពន្ធនាគារត្រឹម ២ឆ្នាំវិញ ដែលពីមុនមកជនជាប់ចោទរូបនេះត្រូវ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១០ឆ្នាំ ក្រោមបទចោទប្រកាន់ ឃាតកម្ម ប្រព្រឹត្តកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ ២២ សេ ផ្លូវលេខ ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ជនរងគ្រោះរួមមានទី១ឈ្មោះ ជុប ឡាយ ភេទប្រុស អាយុ ៦២ឆ្នាំ ជាមេភូមិ៤ ទី២ឈ្មោះ ប៊ុន លឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជាកូនលោកមេភូមិ និងទី៣ឈ្មោះ ប៊ុន ឫទ្ធី ភេទប្រុស អាយុ ១៩ឆ្នាំ ជាចៅប្រុសមេភូមិ ។
ថ្លែងនៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទឈ្មោះ កែវ សុវណ្ណារិទ្ធ បានអះអាងថា ដោយសារខ្លួនចេះភាសាចិន ជនរងគ្រោះឈ្មោះ ជុប ឡាយជាមេភូមិ៤ បានពឹងឲ្យខ្លួនដើរទារលុយថ្លៃភ្លើងបំភ្លឺផ្លូវនៅតាមផ្ទះរបស់ជនជាតិចិន ។ ជនជាប់ចោទបន្តថា ខ្លួនបានដើរទារលុយបាន ២៥ដុល្លារឲ្យជនរងគ្រោះ ប៉ុន្តែជនរងគ្រោះចោទថា ខ្លួនកិបកេងលុយ ។ ពេលនោះជនរងគ្រោះ ទាំង៣នាក់បានយកដាវសាម៉ូរ៉ៃ មកកាប់ត្រូវក្បាលដៃ និងចង្កេះ របស់ខ្លួនរបួសធ្ងន់ចំនួន ៥កន្លែង ទើបខ្លួនបានសម្រេចយកកាំភ្លើងខ្លីម៉ាក ប៉េអាតា បាញ់ទៅលើជនរងគ្រោះ ដើម្បីការពារខ្លួនតែប៉ុណ្ណោះ ៕





មតិយោបល់