ភ្នំពេញ: ស្ត្រីម្នាក់ ត្រូវបានជនសង្ស័យមានគ្នា ២នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចបណ្តាលអោយដួលរងរបួសស្រាល ហើយក៏ជិះរត់គេចខ្លួនបាត់តែម្តង ។
ហេតុការណ៍ឆក់កាបូបនេះកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ៣៥៥ ស្ថិតនៅក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះមានឈ្មោះ សុខ ល័ក្ខ ភេទស្រី អាយុ ៣១ឆ្នាំ មានមុខរបរ លក់ដូរ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ភ្នាក់ងារ Post News បានឲ្យដឹងថា ស្ត្រីរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៥៥ ស្របទិសគ្នាពីត្បូងទៅជើង ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមក្មេងជនសង្ស័យចំនួន ២នាក់ជិះម៉ូតូ មួយគ្រឿង បានជិះវ៉ាខាងឆ្វេងដៃជនរងគ្រោះ មកកៀកហើយធ្វើសកម្មភាពឆក់កាបូបស្ពាយ បណ្តាលអោយស្ត្រីរងគ្រោះដួលរងរបួសស្រាល និងបានបាត់បង់ទូរស័ព្ទដៃចំនួន ២គ្រឿង លុយដុល្លារចំនួន ២១៥០ដុល្លារ អត្តសញ្ញាណបណ្ណចំនួនមួយ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ។ ក្រោយពីធ្វើសកម្មភាពឆក់កាបូបរួចមក ជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល ដោយបន្សល់ទុកតែជនរងគ្រោះនៅទីនោះ ។
ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកជនសង្ស័យខាងលើ មកដាក់ទោសតាមផ្លូវច្បាប់ ។
ប្រជាពលរដ្ឋបាននិយាយប្រាប់ថា សកម្មភាពឆក់ប្លន់បានកើតឡើងសារជាថ្មីម្តងទៀតហើយនៅក្នុងទឹកដីខណ្ឌឫស្សីកែវ បានធ្វើអោយមានការព្រួយបារម្មណ៍អំពើបញ្ហាសន្តិសុខ សុវត្ថិភាពខ្លាំងណាស់ ដោយសារតែមានក្រុមក្មេងទំនើងចាប់ផ្តើមធ្វើសកម្មភាពគ្រប់ទីកន្លែង ៕
មតិយោបល់