កំពង់ស្ពឺៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាក FUSO មួយគ្រឿងរេចង្កូតបុកបង្កាន់ដៃស្ពានធ្លាក់ទៅខាងជើង ខ្ទេចរថយន្តទាំងស្រុងតែម្តង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១០៤-១០៥ ត្រង់ចំណុចភូមិទី៦ ស្ពានរ៉ោងរ៉ាង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានប្រាប់Post News ថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក FUSO ពណ៌កាប់ស្ទាំង ពាក់ផ្លាកលេខ ព្រះសីហនុ 3Aឥ2203 បើកបរពីទិសខាងលិចទៅទិសខាងកើត បានរេចង្កូតធ្លាក់ទៅខាងជើងស្ពាន ហើយបណ្តាលឲ្យបង្កាន់ដៃស្ពាន ខូចខាត។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះសែន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគងពិសី និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ មៃ សារស់ ភេទប្រុស អាយុ១៨ឆ្នាំ រស់ភូមិជាមួយគ្នារបួសត្រូវបានរថយន្តសង្រ្គោះកងពល៣១ ការពារឆ្នេរបញ្ជូនទៅមណ្ឌលសុខភាពខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុ រថយន្តបានធ្វើការដោះស្រាយជាមួយសាធារណៈការហើយ ៕
មតិយោបល់