ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ តារាសម្ដែងល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី និងតារាសម្ដែងល្បីៗជាច្រើន ត្រូវគេឃើញលេខមុខក្នុងរឿង «Super Mom» ដែលជារឿងកំប្លែងថ្មីមួយ គ្រោងនឹងចេញថតចាប់ពីថ្ងៃទី២៨ ខែសីហាតទៅ។ ខ្សែរឿងនេះ ត្រូវគេមើលឃើញថា នឹងក្លាយជារឿងបែបកំប្លែង ដែលមានកម្រិតប្រកួតប្រជែងធំមួយ ក្រោយពេលផលិតចប់។
កញ្ញា ភិន សុដាលីស នាយកប្រតិបត្តិផលិតកម្មមហាហង្ស បានអះអាងថា ក្នុងពិធីក្រុងពាលី កាលពីថ្ងៃទី២៨ ខែសីហានេះថា ដោយសារតែមើលឃើញពីទីផ្សាររឿងកំប្លែងក្នុងការផលិតភាពយន្ត ទើបផលិតកម្មមហាហង្ស សម្រេចចិត្តបោះទុនផលិតរឿងកំប្លែងថ្មីមួយ ដែលមានខ្លឹមសារ និងមានសាច់រឿងខុសពីរឿងកន្លងមក ក្រោមចំណងជើងថា «Super Mom »។ នាងថា រឿងនេះ នឹងគ្រោងចំណាយទុនខ្ពស់ ដោយសារតែតារាសម្ដែងត្រូវបានសម្រិតសម្រាំងសុទ្ធតែវត្តមានតារាល្បីៗ និងថា ការផលិតរឿងនេះ ក៏ប្រើក្រុមការងារ និងឧបករណ៍ថតល្អជាងមុន។
នាង ភិន សុដាលីស រំពឹងថា រឿង «Super Mom» នឹងផលិតនៅអំឡុង៣ខែក្រោយ និងអាចដាក់បញ្ចាំងនៅមិនហួសពីដំណាច់ឆ្នាំខាងមុខ។ នៅក្នុងរឿងនេះ នាងថា មានការសម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី នាយពែកមី នាយក្រូច អ្នកនាងកាតុ នាយសុបិន្ត ឌីជេកាកា និងតារាសម្ដែងល្បីឈ្មោះជាច្រើននាក់ទៀត។ នាងថា រឿងនេះ មហាហង្ស រំពឹងខ្ពស់ ជាពិសេស គឺវត្តមានអ្នកនាង សុខ សោម៉ាវត្តី ដែលជាតួឯកនោះតែម្ដង៕
មតិយោបល់