កណ្តាលៈ ម្ចាស់សិប្បកម្ម កែច្នៃឈើដែលត្រូវបានបង្ក្រាបបានឲ្យដឹងថា ពួកគាត់រកស៊ីរបរនេះ តាំងពីដូនតាមកម្ល៉េះ ហើយសុទ្ធតែបង់លុយឲ្យជំនាញ ដោយក្នុង១រទេះពី១០ម៉ឺន ទៅ១៥ម៉ឺនរៀល ទីបំផុតនៅតែចាប់ពួកគាត់ទៀត។
ប្រភពដដែលបន្តថា ពួកគាត់ប្រកបរបរកែច្នៃឈើធ្វើកៅអី តុ ទូ គ្រែ នេះយូរមកហើយ ពោលគឺតាំងពីជីដូនជីតាមកម្លេះ។ ចំណែកឯឈើដែលយកមកកែច្នៃនេះ គឺជាប្រភេទជំនៀរឈើ និងដើម អាកាស្យាប៉ុណ្ណោះ ហើយនៅពេលដែលដឹកយកមក គឺត្រូវបង់ឲ្យខាងមេព្រៃក្នុងរទេះ ឬ១គោយន្ត ពី១០ម៉ឺនទៅ១៥ម៉ឺនរៀល ថែមទៀតផង។ ជាងនេះទៅទៀត ក៏ត្រូវបង់ឲ្យមេប៉ុស្តិ៍មន្ត្រីអាវុធហត្ថ និងអ្នកកាសែតផងដែរ ក៏ចេះតែបានសុខរហូតមក ប៉ុន្តែបន្ទាប់ពីប្រធានមេព្រៃស្រុកអង្គស្នួលត្រូវបានផ្លាស់ប្តូរ ក៏មានប្រតិបត្តិការនេះតែម្តងទៅ។
ពួកគាត់បានបន្តថា ពួកគាត់បើកសិប្បកម្មនេះពិតជាគ្មានច្បាប់មែន ហើយក៏ចង់ទៅធ្វើច្បាប់ដែរ ប៉ុន្តែវាថ្លៃពេកដោយក្នុង១ឆ្នាំ គេទារដល់ទៅ៣៥០០ដុល្លារ ឯណោះ តើមានលទ្ធភាពឯណា បើលុយដែលយកមករកស៊ីនេះ គឺសុទ្ធតែខ្ចីពីធនាគារ ហើយឥឡូវឈើក៏ចាប់អស់ អាជីវកម្មក៏ត្រូវគេបិទទៀត តើបានប្រាក់មកពីណាទៅបង់ឲ្យធនាគារ មានតែគេរឹបអូសផ្ទះសម្បែងជាមិនខាន។ ហើយបើអស់ផ្ទះមានតែនាំកូនចៅទៅរស់នៅមុខវាំងទេ។
ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ លោក អោក បូរិន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអង្គស្នួល បានឆ្លើយតបថា វាមិនដូចជាការចោទប្រកាន់របស់ម្ចាស់សិប្បកម្មនេះទេ ហើយពួកគាត់និយាយនេះគឺដោយសារតែមានកំហឹង នៅពេលដែលកម្លាំងរបស់យើងចុះទៅចាប់ឈើអត់ច្បាប់របស់ពួកគាត់។ ប៉ុន្តែទទួលស្គាល់ថា ពិតជាមានការឆកល្វែងមែន ព្រោះលោកក៏មិនបានគ្រប់គ្រងល្អឥតខ្ចោះនោះដែរ ហើយកន្លងមកធ្លាប់មានជនខិលខូច ដើរយកឈ្មោះមេព្រៃ ទៅប្រមូលលុយពីក្រុមអ្នករកស៊ីកែច្នៃ និងស្តុកឈើខុសច្បាប់ទាំងនោះ។
គួរបញ្ជាក់ដែរថា ប្រតិបត្តិការរយៈពេល៣ថ្ងៃ គឺចាប់តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងចម្រុះរួមមាននគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្តាល អធិការដ្ឋាននគរបាលស្រុកអង្គស្នួល អាវុធហត្ថ បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល បានបង្ក្រាបទីតាំងស្តុក និងកែច្នៃឈើអត់ច្បាប់ចំនួន៦ទីតាំង នៅក្នុងភូមិត្រពាំងត្នោត ភូមិចុងបឹង និងភូមិចម្ការចិន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានម្ចាស់ទី១ឈ្មោះ ផុន សុជាតិ នៅភូមិត្រពាំងត្នោត និងភូមិចុងបឹង ,ទី២ឈ្មោះ សៀង រីម នៅភូមិចម្ការចិន ទី៣.ឈ្មោះ ម៉ាន អ៊ី នៅភូមិចម្ការចិន ,ទី៤ ឈ្មោះ ញឹម យ៉ុង នៅភូមិចម្ការចិន និងទី៥ ឈ្មោះ ខឹម អិល នៅភូមិចម្ការចិន។ ដកហូតឈើ សរុបចំនួន ១១,២១៧ម៉ែត្រគូប ក្នុងនោះឈើប្រណីត ប្រភេទធ្នង់៩,៣៦៧ម៉ែត្រគូប ឈើបេងចំនួន ០,២៩៣ម៉ែត្រគូប សុក្រំ១,៥៥៧ម៉ែត្រគូប៕
មតិយោបល់