សៀមរាបៈ រូបចម្លាក់កូនប្រាង្គប្រាសាទចម្លងរាងសាជី ធ្វើពីថ្មភក់ចំនួន២ដុំ ត្រូវបានសមត្ថកិច្ច រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ចុះបង្ក្រាបបទល្មើសព្រៃឈើ បានប្រទះឃើញ យកមកប្រគល់ទៅឲ្យអាជ្ញាធរថែរក្សា និងរៀបចំឯកសារបញ្ជូនទៅកាន់អាជ្ញាធរអប្សរាចាត់ការបន្ត។ ដែលការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើង កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាមការសន្និដ្ឋាន បានឲ្យដឹងថា ចម្លាក់នេះ អាចស្ថិតនៅក្នុងសតវត្សទី១០ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថា ចម្លាក់នេះ ត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយនោះទេ ។ អ្នកជំនាញនឹងសិក្សាលម្អិតអំពីចម្លាក់នេះនៅពេលក្រោយ នៅពេលដែលនីតិវិធីបានបញ្ចប់ជាស្ថាពរ ។
លោកបន្តថា បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រីនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីថែរក្សានិងរៀបចំបន្ត ទៅឲ្យអាជ្ញាធរជាតិអប្សរាចាត់ការបន្តទៅតាមផ្លូវច្បាប់។ ហើយបើតាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងថា ក្រុមជនល្មើសនោះអាចលួចគាស់ពីតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាប ដូចជាស្រុកបន្ទាយស្រី ប្រាសាទស្វាយលើ និងស្រុកជីក្រែងជាដើម ៕
មតិយោបល់