
ក្រុមហ៊ុនផលិតកាមេរ៉ាវីដេអូ Go Pro បានថ្លែងកាលពីម្សិលមិញថា ខ្លួននឹងកាត់បន្ថយបុគ្គលិកជាលើកទីពីរក្នុងចំនួន ២៧០ នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយការចំណាយប្រតិបត្តិផ្សេងៗរបស់ខ្លួន ដែលកំពុងជួបការលំបាកក្នុងមួយរយៈកាលចុងក្រោយ។
ការកាត់បន្ថយចំនួនបុគ្គលិកដែលស្មើនឹង ១៨ ភាគរយនៃកម្លាំងការងារសរុប ១,៥០០ នាក់ របស់ក្រុមហ៊ុនទាំងមូលនេះ គឺត្រូវបានក្រុមហ៊ុនសម្រេចធ្វើឡើងមិនដល់ ៤ ខែផង បន្ទាប់ពីការកាត់បន្ថយបុគ្គលិកលើកទីមួយ ក្នុងខែវិច្ឆិកា ចំនួន ២០០ នាក់ និងបានបិទក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមួយ ដែលបង្កើតឡើងក្នុងគោលបំណងផលិតមាតិកាកម្សាន្តសម្រាប់កាមេរ៉ា GoPro។ នេះបើយោងតាមប្រភពសារព័ត៌មាន Business Insider។
នៅក្នុងសេចក្តីថ្លែងការមួយ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង San Mateo រដ្ឋកាលីហ្វរញ៉ា មួយនេះ បានឲ្យដឹងថា ខ្លួនរំពឹងនឹងចំណាយទុនត្រឹម ១០ លានដុល្លារ ក្នុងត្រីមាសនេះ សម្រាប់កិច្ចខំប្រឹងប្រែងរៀបចំសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួនសារជាថ្មី។
ក្រុមហ៊ុន GoPro កាលពីឆ្នាំមុន បានខិតខំប្រយុទ្ធប្រឆាំងការលក់ខ្សោយ និងជំរុញឱ្យវាងើបឡើងវិញតាមការរំពឹងទុករបស់ខ្លួន។ ដោយក្នុងខែវិច្ឆិកា ការប៉ុនប៉ងពង្រីកខ្លួនចូលទៅក្នុងទីផ្សារដ្រូនបំពាក់កាមេរ៉ាបានជួបបញ្ហាធ្ងន់ធ្ងរ រហូតដល់បង្ខំចិត្តប្រមូលដ្រូនឈ្មោះ Karma របស់ខ្លួន ដែលបានលក់ដល់ដៃអតិថិជនចំនួន ២,៥០០គ្រឿងមកវិញក្រោយរកឃើញកើតមានករណីដ្រូននេះមួយចំនួនតូចបាត់បង់ថាមពលអំឡុងពេលហោះហើរ។
ក្រោយមក ក្រុមហ៊ុនក៏បានរកឃើញមូលហេតុ ដែលវាកើតឡើងដោយសារតែគន្លឹះកម្របថ្មរបស់ដ្រូនទាំងនោះ ខ្ទាស់មិនសូវជាប់ល្អ រួចក៏ធ្វើការរចនាវាសារជាថ្មី និងកែលំអរសមត្ថភាពដ្រូនឱ្យកាន់តែប្រសើរដើម្បីដោះស្រាយបញ្ហា។
គួរបញ្ជាក់ដែរថា ចាប់តាំងពីដើមខែកុម្ភៈមក ភាគហ៊ុនរបស់ក្រុមហ៊ុន GoPro បានខាតបង់អស់ចំនួន ៣០ ភាគរយ៕
ប្រភព៖ cnet.com
មតិយោបល់