ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌រង់ចាំព័ត៌មានគ្រប់គ្រាន់មុនពេលចាត់វិធានការលើចៅក្រម១រូបនៅសៀមរាប

ភ្នំពេញៈ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ លី អ៊ុំអេង ដែលបានប្តឹងលោក ឈុន ច័ន្ទសីហា ចៅក្រមសាលាដំបូងខេត្តសៀមរាប ទៅកាន់ក្រសួងយុត្តិធម៌កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធករណី ចេញដីកាសម្រេចឲ្យផ្អាក ការអនុវត្តសាលដីកា របស់តុលាការកំពូល ក្រសួងយុត្តិធម៌នៅមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់តាមបណ្ដាញទំនាក់ទំនងសង្គម Telegram ថា «ក្រសួងរង់ចាំការបំភ្លឺ និងឯកសារបន្ថែមពីសាលាដំបូងខេត្តសៀមរាមពាក់ព័ន្ធករណីនេះ មុននឹងមានវិធានការបន្ត»។

គួររំលឹកថា ឈ្មោះ លី អ៊ុំអេង បានប្តឹងលោក ឈុន ច័ន្ទសីហា ចៅក្រមសាលាដំបូងខេត្តសៀមរាប ទៅកាន់ស្ថាប័នធំៗចំនួន៣ គឺទី១ ក្រសួងយុត្តិធម៌ ទី២ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងទី៣ អង្គភាពប្រឆាំងអំពើពុករលួយពីបទ ពាក់ព័ន្ធករណីចេញដីកាសម្រេច ឲ្យផ្អាកការអនុវត្តន៍ដីកា តុលាការកំពូល។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ លី អ៊ុំអេង ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ លោក ឈុន ច័ន្ទសីហា ចៅក្រមសាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចឲ្យផ្អាក លេខ៣៥(ឆ) ពស.អរវ/២០១៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដោយមិនអនុញ្ញាតឲ្យអនុវត្តសាលដីការដ្ឋប្បវេណី របស់តុលាការកំពូល លេខ៤០២(ក) ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ របស់តុលាការកំពូល នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

មតិយោបល់