ព័ត៌មានជាតិ

ខ្លួនឯងអត់ការងារធ្វើ បែរជាដើរតួជាជំនួយការរដ្ឋបាលរោងចក្របោកលុយអ្នកក្រចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ធ្វើការចាប់ខ្លួននាំទៅសាកសួរ បន្ទាប់ពីបានធ្វើ សកម្មភាពបោកយកទូរសព្ទនិងលុយ ពីបុរស៥នាក់បានចំនួន៣៥ម៉ឺនរៀល ដោយជននោះ បានតាំងខ្លួនឯងជាជំនួយការ រដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ «ក្វាងទុង»ហើយឃើញ បុរសរងគ្រោះទាំង៥នាក់នោះ ដើររកការងារធ្វើជននោះក៏បានប្រាប់ថាខ្លួន គឺជាជំនួយការរដ្ឋបាលខ្លួនអាច នាំឲ្យចូលធ្វើការបាន។ខណ:នោះបុរសទាំង៥នាក់មានការត្រេកអរ និងជឿជាក់យ៉ាងខ្លាំង ទៅលើជននោះ ក៏បានពឹងពាក់ដើម្បីបានការងារធ្វើ ហើយជននោះបានបង្គាប់ឲ្យបង់លុយក្នុងម្នាក់៧ម៉ឺនរៀល ព្រមទាំងខ្ចី ទូរសព្ទខល រួចឲ្យបុរស៥នាក់នោះ យកឯកសារទៅជួបរដ្ឋបាលនៅមុខរោងចក្រ រួចជននោះក៏បានយក ទូរសព្ទគេចខ្លួនបាត់តែម្ដង។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីដឹងថាចាញ់បោកជននោះ ក្រុមជនរងគ្រោះខាងលើបាននាំ គ្នាតាមរកហើយបានប្រទះឃើញ នៅចំណុចមុខផ្សារត្រពាំងថ្លឹងតាម បណ្ដាយផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានសហការ ជាមួយនគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការចាប់ខ្លួននៅម៉ោង៣រសៀលថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៧នេះ តែម្ដង។

ជនសង្ស័យឈ្មោះ សាន វេហារស៏ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកអ្នកដែល ចាញ់បោកគេទី១,ឈ្មោះ មួន ទុន អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប ទី២,ឈ្មោះ វ៉ាន់ វី អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅក្នុងភូមិផ្លុង ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែក៣នាក់ទៀតអត់ស្គាល់ឈ្មោះ។

ពេលនេះកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅកំពុងធ្វើការសាកសួរ ជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/5FXTKfWvyMI

មតិយោបល់