ព័ត៌មានជាតិ

ហួសចិត្ត! ជនជាប់ចោទដែលសម្លាប់សង្សារក្នុងផ្ទះសំណាក់ “អូយេស” សុំលុយតុលាការទិញចេកសែនឱ្យសពម្តាយ

​ភ្នំពេញ: វាជារឿងគួរឱ្យហួសចិត្ត និងចម្លែកប្លែកពីធម្មតាមួយ ដែលជនជាប់ចោទ ត្រូវបានអនុញ្ញាតឱ្យនិយាយសំដីចុងក្រោយ ដើម្បីសំណូមពរដល់ចៅក្រមជំនុំជម្រះ ឱ្យបន្ធូរបន្ថយទោស ប៉ុន្តែជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្រ ហៅ ពៅ បែរជាសុំលុយចៅក្រមជំនុំជម្រះ យកទៅទិញចេកសែនឱ្យព្រលឹងម្តាយដែលស្លាប់ ជំនួសឱ្យការសុំសេចក្តីអនុគ្រោះទោស ដែលទំនងជារូបគេដឹងថា ខ្លួនប្រាកដជាគ្មានផ្លូវ អាចគេចផុតពីទោសជាប់ពន្ធនាគារអស់មួយជីវិតនោះទេ។

សូមបញ្ជាក់ថា នៅព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ២០១៧នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​បើកសវនាការជំនុំជម្រះទោសជនជាប់ចោទឈ្មោះ ចាន់ សុ​ភ័ក្ត្រ ហៅពៅ ភេទប្រុស អាយុ​៣៨​ឆ្នាំ ពាក់ព័ន្ធករណីរឹតកសម្លាប់​សង្សារ នៅ​ក្នុងផ្ទះ​សំណាក់ យីហោ ​«​អូ​យេ​ស​»។

ជនជាប់ចោទឈ្មោះ ចាន់ សុ​ភ័ក្ត្រ ហៅ​ពៅ ភេទប្រុស អាយុ​៣៨​ឆ្នាំ ត្រូវបានលោក សៀង សុខ តំណាងអយ្យការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន លើជនរង​គ្រោះ​ជាសង្សារឈ្មោះ ​អាង វ​ណ្ណា ហៅ​លី​លី ភេទស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ខារ៉ាអូខេ​យីហោ «​ហេង​​ហេង​» ប្រព្រឹត្តកាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “អូយេស” យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ដែលជនជាប់ចោទប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

នៅក្នុងសវនាការនាព្រឹកនេះ ជនជាប់ចោទឈ្មោះ ចាន់ សុ​ភ័ក្ត្រ ហៅ ​ពៅ បានសារភាពថា ខ្លួនពិតជាបានច្របាច់ក សម្លាប់នារីរងគ្រោះជាសង្សារពិតមែន ព្រោះតែប្រចណ្ឌ ថានាងមានសង្សារថ្មី ក្បត់ចិត្តខ្លួន។

​​ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវបានលោក កោ វណ្ឌី ប្រធាន​ក្រុមប្រឹក្សា​ចៅក្រមជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម ទៅ​ព្រឹកថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ២០១៧ ខាង​មុខ​​វិញ៕

https://www.youtube.com/watch?v=wnfTV4-G38g&feature=youtu.be

មតិយោបល់