ព័ត៌មានជាតិ

កាមរីហាយប្រ៊ីជ បុករះម៉ូតូនិងសម្ភារៈមុខកន្លែងជួសជុលម៉ូតូ ខ្ទេចផ្អើលទាំងកណ្តាលយប់!

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាកកាមរី ហាយប្រ៊ីតមួយគ្រឿង បើកបរដោយយុវជនស្ទាវម្នាក់ ក្នុងល្បឿនលឿនដូចប្រណាំង ដល់ចំណុចផ្លូវកោងខ្លាំងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករះម៉ូតូ រានទេវតានិងសម្ភារៈមុខផ្ទះជាងង៉ែត ជួសជុលម៉ូតូធំ ក្បែរពេទ្យលោកសង្ឃ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។

បើយោងតាមសម្ដីរបស់ម្ចាស់ម៉ូតូដែលត្រូវរថយន្តបុកបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឈប់ម៉ូតូចុះទិញកាតទូរសព្ទ ស្រាប់តែរំពេចនោះក៏មានរថយន្តមួយគ្រឿងម៉ាកកាមរី ហាយប្រ៊ីត ពណ៌ស មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងទៅដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ជាផ្លូវកោងខ្លាំងបែកជាបី រថយន្កក៏បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះម៉ូតូមួយគ្រឿង រានទេវតាអស់២ និងបន្តទៅបុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋបាក់ រួមទាំងខូចខាតសម្ភារៈមួយចំនួនផងដែរ។

ចំណែកម្ចាស់រថយន្តមិនមានរងរបួស ប៉ុន្តែរថយន្តបានរងការខូចខាតផ្នែកខាងមុខដោយដាច់ក្រឡេកង់ខាងស្ដាំបើកទៅមុខលែងរួច តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តជនបង្កទៅរក្សាទុកនៅអធិការខណ្ឌទួលគោក ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកសម្របសម្រួលគ្នាទៅតាមផ្លូវច្បាប់ ៕

មតិយោបល់