ព័ត៌មានជាតិ

សិស្សសាលាបឋមសិក្សាស្ទឹងមានជ័យម្នាក់ ឃើញកង់ដែលខ្លួនស្រឡាញ់ក៏បន្លំលួចយកកង់ចាស់មកប្តូរយកកង់ថ្មីនៅស្តាតអូឡាំពិក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ សមត្ថកិច្ច នាំខ្លួនក្មេងប្រុសម្នាក់មកសាកសួរ ពីបទបន្លំលួចយកកង់ចាស់ទៅប្តូរយកកង់ថ្មី ដែលហេតុការណ៍ដែលគួរឲ្យហួតចិត្តនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងែទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងប្រុសម្នាក់ វ័យប្រហែល ១៦ ទៅ១៧ឆ្នាំ បានដើរចេញមកពីក្នុងស្តាតអូឡាំពិក សំដៅមករកកង់ ហើយក៏បណ្ដើរចេញ ក្នុងពេលដែលបណ្ដើរដល់ត្រឹមអ្នកហែកសំបុត្រ ពេលអ្នកហែកសំបុត្រមើលសំបុត្រ ក៏មើលឃើញខុសលេខខ្ទង់ ក៏មានការសង្ស័យ ចំណែកឯក្មេងប្រុសនោះក៏បានបណ្ដើរកងចេញយ៉ាងលឿន ក៏ត្រូវអ្នកហែកសំបុត្រស្រែកឲ្យឈប់ ហើយក៏ត្រូវប្រជាពលរដ្ឋចាប់ជាប់ បន្ថែមមួយដៃមួយជើង បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញទាំងស្តាតអូឡាំពិកទាំងយប់តែម្តង។

ក្មេងប្រុសម្នាក់នេះមានឈ្មោះ ធឹម ចាន់ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ រៀននៅសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្នាក់ទី៦។

តាមការអះអាងរបស់ក្មេងប្រុសម្នាក់នេះបានប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានដើរចេញមកពីក្នុងស្តាតអូឡាំពិក ថានឹងទៅយកកង់ដើម្បីត្រឡប់មកផ្ទះ តែមិនដឹងអី ស្រាប់តែបាត់សំបុត្រផ្ញើកង់ ភ្លាមៗនោះគាត់ក៏បានមើលឃើញកង់មួយគ្រឿង ដែលគាត់ស្រឡាញ់យូរមកហើយ ប៉ុន្តែគ្រួសារគាត់គ្មានសមត្ថភាពទិញ ក៏បែកគំនិតយកកង់ចាស់ប្តូរយកកង់ថ្មី តែមិនបានសម្រេច ក៏ត្រូវអ្នកហែកសំបុត្រដឹងទាន់ ក៏ទាក់ទងទៅម្ចាស់កង់ឲ្យមកកន្លែងកើតហេតុ នឹងបានទាក់ទងទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគម៍ ដើម្បីនាំខ្លួនក្មេងប្រុសម្នាក់នេះទៅសួរនាំរឿងនៅសាលាសង្កាត់វាលវង់។

នៅចំពោះមុខសមត្ថកិច្ច រូបគេបានសារភាពទាំងអស់ថា ខ្លួនពិតជាមានបំណងយកកង់ចាស់ប្តូរយកកង់ថ្មីពិតមែន ហើយក្រោយពេលកើតហេតុម្ចាស់កង់មិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕

មតិយោបល់