ព័ត៌មានជាតិ

ព្រោះតែជំពាក់លុយមីក្រូហិរញ្ញវត្ថុនិងជំពាក់អ្នកជិតខាង បុរសម្នាក់សុខចិត្តធ្វើអត្តឃាតចងកចោលប្រពន្ធកូន

ពោធិ៍សាត់: មានករណីធ្វើអត្តឃាតដោយខ្លួនឯង (ចងក) ធ្វើអោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅភូមិផ្ទះរុង ខេត្តពោធិ៍សាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំនុចខ្នងទំនប់សារាយជូរ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

លោកអធិការរងស្រុកភ្នំក្រវ៉ាញបានប្រាប់ Post News ថា ជនរងគ្រោះឈ្មោះ ភឿន ភេន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយជនរងគ្រោះមានប្រពន្ធ និងកូនស្រី២នាក់នៅក្នុងបន្ទុក ។

លោកអធិការរងស្រុកភ្នំក្រវ៉ាញបានបន្តទៀតថា មូលហេតុនៃការចងកដោយក្រុមគ្រួសារជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងអ្នកភូមិច្រើនពេក ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ នៅចំនុចជ្រុងខាងត្បូងឈាងខាងកើតផ្ទះរបស់ជនរងគ្រោះចំងាយប្រហែល៣៥ម៉ែត្រ ។ កម្ពស់ពីដើមអំពិលចំនុចចងមកដីមានកំពស់៣.២០ម៉ែត្រ ។

លោកអធិការរងស្រុកភ្នំក្រវ៉ាញបានបញ្ជាក់ថា ជនរងគ្រោះចុះពីលើផ្ទះមកដីបំណងទៅធ្វើអត្តឃាតប្រហែលម៉ោង១២រំលងអាធ្រាតថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៧ លុះព្រឹកឡើងទើបប្រពន្ធដឹង ធ្វើអោយមានការភ្ញាក់ផ្អើលតែម្តង ។

បច្ចុប្បន្នក្រោយពិនិត្យនិងធ្វើកោសលវិច័យឃើញថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ហើយសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់