ព័ត៌មានសេដ្ឋកិច្ច

ខេត្តសៀមរាប នឹងមានមជ្ឈមណ្ឌលព័ត៌មានទេសចរ និងវិទ្យាស្ថានជំនាញទេសចរ ឆាប់ៗនេះ

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងសាងសង់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍មួយបន្ថែមទៀត នៅចំកណ្តាលទីក្រុងសៀមរាប ខណៈវិទ្យាស្ថានបដិសណ្ឋារកិច្ច និងជំនាញទេសចរ គ្រោងនឹងបើក នាពេលខាងមុខនេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។

អគារមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃចុងខែមេសា ខាងមុខនេះ ដោយធ្វើឡើងតាមរចនាបទខ្មែរ ហើយវាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលនិងផ្តល់ជូននូវ ព័ត៌មានគ្រប់ជ្រុងជ្រោយចំពោះភ្ញៀវទេសចរ ផ្នែកសេវាកម្ម ការស្នាក់នៅ និងទស្សនាកម្សាន្តនៅតំបន់ប្រាសាទនានា។

រីឯវិទ្យាស្ថានបដិសណ្ឋារកិច្ច និងជំនាញទេសចរ គ្រោងនឹងបង្កើតឡើងដោយសាកលវិទ្យាល័យ Rajamangala មកពីប្រទេសថៃ នឹងជួយបណ្តុះបណ្តាលសិស្សនិស្សិតកម្ពុជា​ ឲ្យក្លាយជាមគ្គទេសក៍ទេសចរ ដែលមានជំនាញ ស្របតាមស្តង់ដា​ និងគុណភាព។

គួរជម្រាបដែរថា វិទ្យាស្ថាននេះ នឹងជួយបង្កើតធនធានមនុស្សជំនាញទេសចរ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ មកកម្សាន្តនៅកម្ពុជា កាន់តែច្រើនឡើង៕

មតិយោបល់