ព័ត៌មានជាតិ

ស៊យនោះស៊យ! គ្រោះថ្នាក់ចរាចរណ៍សង្សាររបួសធ្ងន់ហើយ មានអ្នករើសកាបូបយកទៅបាត់ទៀត

ភ្នំពេញៈ សង្សារខាងប្រុសរងរបួសធ្ងន់ រីឯខាងស្រីជ្រុះកាបូបស្ពាយត្រូវជនឆ្លៀតឱកាស រើសយកទៅបាត់ទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូនេះ កើតឡើងកាលពីវេលាម៉ោង១០ និង២០នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចត្រឡោកបែក ម្តុំលក់គ្រឿងសមុទ្រ ផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាកធូដេ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ មួយគ្រឿង ជិះគ្នាចំនួន២នាក់ជាសង្សារ ពីជើងមកត្បូងតាមបណ្តោយផ្លូវ៥៩៨ មកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូធំ ពណ៌លឿង គ្មានស្លាកលេខ ជិះគ្នា២នាក់ ជាប្រុសដូចគ្នា ពីត្បូងទៅជើង បានប៉ះទាក់ដៃម៉ូតូមួយផ្សេងទៀត ក៏ខ្ទាតដួលមកប៉ះម៉ូតូធូដេ បុកចូលគូទម៉ូតូធំត្រឡប់ក្បាលមកក្រោយស្របគ្នា បែរក្បាលទៅខាងជើង បណ្តាលឲ្យបុរសជាសង្សារជិះម៉ូតូធូដេ ដួលបោកក្បាលនិងរបួសជើងធ្ងន់ធ្ងរ រីឯសង្សារស្រីដួលដាច់កាបូបស្ពាយទៅថ្នល់រវល់មកជួយលើកសង្សារគៀបនឹងម៉ូតូ ត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិច មិនចាំពណ៌ និងស្លាកលេខ រើសយកកាបូបទៅបាត់។ ដោយក្នុងកាបូបស្ពាយនោះមានលុយខ្មែរដុល្លារ ជាង១០០ ។

យោងតាមសម្តីនារីរងគ្រោះបានប្រាប់ថា នាងនិងសង្សារ បានធ្វើដំណើរពីផ្ទះទៅទិញបង្អែមហូប បានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ពីជើងទៅត្បូង ដោយល្បឿនយឺតល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូធំជិះបញ្ច្រាសទិសគ្នា ដួលខ្ទាតប៉ះបុកបណ្តាលឲ្យសង្សារដួលបោកក្បាលនិងគៀបជើងជាមួយម៉ូតូរងរបួសធ្ងន់ ហើយកាបូបស្ពាយដែលមានលុយប្រហែល១០០ដុល្លារជាង ត្រូវជនសង្ស័យចំនួន២នាក់ឆ្លៀតឱកាសរើសយកទៅបាត់ទៀត ។

យោងតាមសម្តីម្ចាស់ម៉ូតូប្រាប់ថា ខាងម៉ូតូខ្លួនត្រូវចោរឆក់កាបូបទើបបណ្តាលឲ្យប៉ះបុកម៉ូតូធំពីខាងក្រោយទើបត្រឡប់បែរក្បាលទៅទិសខាងជើង និងទាមទារឲ្យខាងភាគីម៉ូតូធូដេ ចេញថ្លៃជួសជុលម៉ូតូធំទៀត ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យអង្គរធំ ដឹកយកទៅសង្គ្រោះនិងព្យាបាល ចំណែកម៉ូតូត្រូវបាននគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕

https://youtu.be/LxJdye4MG0w

មតិយោបល់