អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បាននិយាយបែបកំប្លែង ដោយលើកទ្បើងថា លោក និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel អាចនឹងត្រូវបានរកឃើញ ក្នុងខ្សែអាត់សំទ្បេងជាមួយគ្នា ដែលស្ថិតនៅក្រោមការស៊ើបអង្កេតសម្ងាត់ ដោយរដ្ឋបាលលោកអូបាម៉ា។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។
លោក ត្រាំ បាននិយាយក្នុងអំឡុងពេលសន្និសីទកាសែតរួមគ្នា ជាមួយមេដឹកនាំអាល្លឺម៉ង់ កាលពីថ្ងៃសុក្រថា «ខ្សែអាត់សំទ្បេងតាមទូរស័ព្ទ ដែលត្រូវបានគេបញ្ជាឲ្យលួចស្ដាប់ ពីសំណាក់រដ្ឋបាលមុននោះ យ៉ាងហោចណាស់ ពួកយើងប្រហែលជាអាចនឹងមានអ្វីមួយនៅក្នុងនោះដែរ» ដោយការលើកទ្បើងបែបនេះ បានជំរុញឲ្យវត្តមាន អ្នកចូលរួមនៅទីនោះ ផ្ទុះសំណើចជាខ្លាំង ។
ពាក់ព័ន្ធនឹងការថ្លែងនេះដែរ បានធ្វើឲ្យលោកស្រី Merkel បានងាកមកសម្លឹងមើលលោក ត្រាំ ក្នុងក្រសែភ្នែកបែប ងឿងឆ្ងល់។
គួរបញ្ជាក់ដែរថា សម្រាប់ដំណើរទស្សនកិច្ចលោកស្រី Merkel លើកនេះ គឺបានពិភាក្សាជាមួយលោក ត្រាំ អំពីបញ្ហាសំខាន់ រួមមានណាតូ និងពាណិជ្ជកម្ម៕
មតិយោបល់