ព័ត៌មានជាតិ

រថយន្តដឹកគ្រឿងចក្រ បុកម៉ូតូសង់ បណ្តាលឲ្យមនុស្ស២នាក់រងរបួស

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងចក្រមួយគ្រឿង បើកមិនប្រយត្ន័ ទៅបុកម៉ូតូសង់ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ ១១០ ចន្លោះគីឡូម៉ែត្រលេខ ៧៤-៧៥ ក្នុងភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសខាងលើនេះ ទី១មានឈ្មោះ ឈុំ សារុំ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅៗភូមិកោះតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល (ជាអ្នកបើកម៉ូតូ) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ខាត់ លាង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា អត់ពាក់មួក រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។ចំណែកអ្នកបើកបររថយន្តបង្ក មានឈ្មោះ ឌិន ម៉ី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-7663 មានកញ្ចក់
អត់ពាក់មួក បើកបរមានទិសដៅពីជើងទៅត្បូង ជិះឌុបគ្នា២នាក់ តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយកែច្នៃ សម្រាប់ដឹកគ្រឿងចក្រចល័ត ពណ៌ស អត់ស្លាកលេខ បើកបរមានទិសដៅ ពីជើង ទៅត្បូងស្របទិស បានបើកវ៉ាទាំងម៉ូតូជនរងគ្រោះ វ៉ាទាំងរថយន្តដឹកចំបើង រួចងាកក្បាលរថយន្តអែបស្ដាំរបស់ខ្លួន ធ្វើឲ្យកន្ទុយរថយន្ត បោកត្រូវម៉ួតូ ដួលធ្លាក់ផ្លូវ ចំណែករថយន្តបង្កបើកទៅមុខ ចម្ងាយប្រហែល៩០០ ម៉ែត្រ ទើបឈប់ ទុករថ
យន្តចោលអ្នកបើកបរគេចខ្លួនបាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរខាងលើ យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់