ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍មកថា បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលគាត់និងបុរសម្នាក់ បាននាំគ្នាទៅអារឈើដោយរណា ខណៈដែលអារដាច់ហើយនោះ ស្រាប់តែគល់ឈើខាងលើ បានវាត់ត្រូវមុខរបស់ជនរងគ្រោះពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សាកសពជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ឃុត វុន ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ទីកន្លែងកំណើត ភូមិជ័យសម្បត្តិ ឃុំស្រុកតំបែរ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្នភូមិស្រឡៅ ។
ប្រភពព័ត៌មានពីឈ្មោះ ខេង ថេត អាយុ៥៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹក គាត់និងជនរងគ្រោះ បានទៅអារឈើនៅចំណុចខាងលិចវាលក្រសាំង ស្ថិតក្នុងភូមិកើតហេតុខាងលើ ដោយអារ រណារដៃតែ២នាក់ទេ។ ពេលអារដាច់ហើយនោះ ស្រាប់តែគល់ឈើដែលមានមុខកាត់ប្រហែល ៤០សង់ទីម៉ែត្រ បានមកវាយចំមុខបណ្តាលឲ្យជនរងគ្រោះបានស្លាប់ភ្លាមតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់