ព័ត៌មានជាតិ

ស្ទះគ្មានលួសថ្ងៃ! តាំងពីស្ពានដែកចំការដូងដល់មុខសាលាភូមិឬស្សី ដោយសារការលក់លើចិញ្ចើមផ្លូវ

ភ្នំពេញៈ ប្រសិនបើបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ត្រង់ចំណុចមុខសាលាភូមិឬស្សីពេលព្រឹកនោះ ជាក់ច្បាស់ណាស់គឺនឹងត្រូវរងកកស្ទះចរាចរណ៍យ៉ាងណែនណាន់ ស្ទើរតែជារៀងរាល់ថ្ងៃ ចាប់តាំងពីវេលាម៉ោង៦ ព្រឹក រហូតដល់ម៉ោងប្រហែល១០ ទៅ១១ព្រឹក ទើបចរាចរណ៍នៅចំណុចផ្សារភូមិឬស្សីខាងលើ មានការធូរស្បើយឡើយវិញ។

ទាក់ទងនឹងមូលហេតុដែលបណ្តាលឲ្យមានការកកស្ទះនេះដែរ គឺត្រូវបានគេសង្កេតឃើញថា បណ្តាលមកពីការលក់ដូររបស់ក្រុមអាជីវករនៅផ្សារភូមិឬស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យខាងលើ ដែលពួកគាត់បាននាំគ្នាមកលក់ដូរនៅលើចិញ្ចើមផ្លូវ ដែលជាហេតុ ធ្វើឲ្យផ្លូវកាត់តែតូចចង្អៀត និងមានភាពរញ៉េ រញ៉ៃ ទើបបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ចាប់ពីចំណុចផ្សារខាងលើ រហូតដល់ចំណុចស្ពានដែកចំការដូង ជារៀងរាល់ព្រឹកបែបនេះ។

ដូច្នេះហើយ ពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ បានធ្វើការសំណូម ពរ ដល់អាជ្ញាធរមូលដ្ឋាន សូមជួយពិនិត្យមើលសណ្តាប់ធ្នាប់ ចរាចរណ៍តាមដងផ្លូវជាពិសេសត្រង់ចំណុចផ្សារភូមិឬស្សីខាងលើនេះផង ព្រោះថាការកកស្ទះនេះ គឺស្ទះពេកហើយស្ទើរតែជារៀងរាល់ថ្ងៃ ៕

មតិយោបល់