ព័ត៌មានជាតិ

គេប្រាប់មិនជឿទេ!ក្បត់ចិត្តប្តីនាំប្រុសសាហាយមកដល់ក្នុងបន្ទប់ ត្រូវប្តីចាក់សោពីក្រៅ រួចប្ដឹងសមត្ថកិច្ច

ភ្នំពេញៈ ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានឲ្យបុរសម្នាក់ទៀតដឹកចេញពីរោងចក្រមកកាន់បន្ទប់ផ្ទះជួលមួយកន្លែងដែលនាងស្នាក់នៅ ខណៈពេលចេញហូបបាយថ្ងៃត្រង់ ត្រូវបានម្ចាស់ផ្ទះជួលតេទៅប្រាប់ប្ដីរបស់នាងឲ្យមកមើលឃើញ ប្រពន្ធរបស់ខ្លួនកំពុងនៅក្នុងបន្ទប់ជាមួយមនុស្សប្រុស ក៏បានយកសោចាក់ពីខាងក្រៅជាប់ រួចប្រញាប់តេទូរសព្ទហៅនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យចុះទៅធ្វើការ ឃាត់ខ្លួននោះទៅសាកសួរតែម្តង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៩ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រពន្ធមានឈ្មោះ វី ធីតា អាយុប្រហែល២៣ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅជាមួយប្ដី ក្នុងបន្ទប់ផ្ទះជួលខាងលើ។ ចំណែកបុរសជាប្ដី ឈ្មោះ ម៉ម សំណាង អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ អ្នកទាំងនាក់ប្តីប្រពន្ធ រៀបការជាមួយគ្នាត្រឹមត្រូវតាមច្បាប់ និង មានកូនម្នាក់នៅក្នុងបន្ទុកគ្រួសារ។ ដោយឡែកប្រុសសាហាយនោះ ឈ្មោះ សិក ធឿន អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្ដីបានប្រាប់Post Newsថា ប្រពន្ធរបស់ខ្លួននិងជនសង្ស័យ ឈ្មោះ សិក ធឿននោះធ្វើការនៅក្នុងរោងចក្រកាត់ដេរជាមួយគ្នា ហើយអ្នកទាំង២មានស្នេហាលួចលាក់ជាមួយគ្នាយូរមកហើយ ក្រោយមកក៏មានអ្នកធ្វើការនៅក្នុងរោងចក្រជាមួយគ្នា តែងនិយាយប្រាប់ខ្លួនជាប្តីថា ប្រពន្ធខ្លួននិងបុរសនោះមានភាពស្និទ្ធស្នាលជាមួយគ្នាខុសធម្មតា ជនសង្ស័យតែងតែដឹកប្រពន្ធខ្លួន ទាំងចេញពីធ្វើការ ទាំងទៅធ្វើការរៀងរាល់ថ្ងៃថែមទៀតផង។ ប៉ុន្តែពេលនោះខ្លួនមិនបានជឿនោះឡើយ។ លុះដល់ថ្ងៃកើតហេតុខាងលើ ខណៈចេញហូបបាយថ្ងៃត្រង់ ប្រពន្ធរបស់ខ្លួននិងបុរសសាហាវខាងលើ បានដឹកគ្នាចេញពីរោងចក្រទៅកាន់ផ្ទះជួល ហើយបាននាំគ្នាចូលទៅសម្ងំនៅក្នុងបន្ទប់ និងបានបិទទ្វារជិត ដោយបានឃើញទង្វើរមិនគប្បី ម្ចាស់ផ្ទះជួលបានតេប្រាប់ ទើបខ្លួនជាប្តីទៅមើលឃើញពួកគេកំពុងនៅក្នុងបន្ទប់ជាមួយគ្នា ក៏បានចាក់សោទ្វារពីខាងក្រៅ រួចប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅចុះទៅចាប់ខ្លួនតែម្ដង។

ចំណែកស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីបានចោទប្រកាន់នាងទាំងស្រុង តាមពិតនាងនិងឈ្មោះ សិក ធឿន គ្រាន់តែជាមិត្តភក្ដិនឹងគ្នាតែប៉ុណ្ណោះ ហើយនៅពេលកើតហេតុ នាងមិនមែននៅក្នុងបន្ទប់តែ២នាក់បុរសនោះទេ គឺនៅក្នុងបន្ទប់នោះមានគ្នាចំនួន៣នាក់ ដែលក្នុងនោះមានរូបនាង បុរសជាប់ចោទ រួមនិងប្អូនស្រីរបស់នាងម្នាក់ទៀត។ ប៉ុន្តែខណៈពេលដែលប្ដីនាង ទៅមើលឃើញតែនាងនិងបុរសនោះ មិនបានឃើញប្អូនស្រីនាងទេ ព្រោះនាងបានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកទើបប្ដីនាងមើលមិនឃើញ ហើយថានាងនៅតែ២នាក់ ទើបចោទថាសាហាយស្មន់ និងបានយកសោចាក់ទ្វារពីខាងក្រៅ រួចហៅសមត្ថកិច្ចឲ្យចុះទៅចាប់ខ្លួនពួកនាងតែម្ដង។ ប៉ុន្តែប្ដីនាងមិនបានគិតថាប្រសិនបើនាងមានសហាយស្មន់រួមរ័ក្សគ្នាមែន មិនដែលប្រព្រឹត្តទាំងថ្ងៃហើយរួមរ័ក្សម្ដងទាំង៣នាក់នៅក្នុងបន្ទប់តែមួយបែបនេះឡើយ ខ្វះអីផ្ទះសំណាក់តែ៥ដុល្លារ គេងដោយមិនបាច់ព្រួយបារម្ភ។

ក្រោយពេលកើតហេតុ នគរបាលបានធ្វើកិច្ចសន្យាឲ្យពួកគេបញ្ឈប់ការក្បត់ក្រុមគ្រួសារតទៅទៀត បន្ទាប់មក បានឲ្យពួកគេត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយពួកគេសុទ្ធតែបានប្រកាន់ជំហរថា នឹងលែងលះគ្នាឈប់យកគ្នាជាប្ដីប្រពន្ធទៀតហើយ៕

https://youtu.be/H6LeM6ngyzA

មតិយោបល់