ព័ត៌មានជាតិ

Update៖សាហាវណាស់! បុគ្គលិកក្រុងណេតម្នាក់ ត្រូវឃាតកចាក់សម្លាប់ក្នុងបន្ទប់ទឹក

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់បំផុត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥១នាទី ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៥១ បើកអ៊ីនធឺណេត យីហោក្រុងណេតផ្លូវ២០៥ ភូមិតាខ្មៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ រត្ន័ ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះបើកអ៊ីធឺណេត យីហោក្រុងណេត ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខបរបុគ្គលិកក្រុងណេត។ ចំណែកជនល្មើស មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានសម្បុរស ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពាក់អាវដៃវែងពណ៌ ផ្កាឈូក ស្លៀក ខោជើងវែងពណ៌ខ្មៅ មានស្ពាយកាបូបពណ៌ខ្មៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បើយោងតាមរយៈកាមេរ៉ាសុវត្ថិភាព និងតាមការបំភ្លឺរបស់សាក្សីឈ្មោះឃ.ស.ធ ភេទប្រុស អាយុ១៨ឆ្នាំ គាត់បានចូលលេងហ្គែមនៅកន្លែងផ្ទះបើកអ៊ីនធឺណេតយីហោក្រុងណេត ពេលនោះ បានឃើញជនល្មើសម្នាក់ ដែលមានភិនភាគខាងលើ ចូលលេងហ្គែមនៅទូលេខ៧ ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ឃើញជនល្មើសដើរចូលក្នុងបន្ទប់ទឹក បន្ទាប់មកជនល្មើស ក៏បានស្រែកហៅ ជនរងគ្រោះចំនួន២ដងដោយប្រាប់ថាបន្ទប់ទឹកស្ទះ ពេលនោះជនរងគ្រោះក៏ដើរចូលទៅតាម ក៏ឮសម្រែកជនរងគ្រោះថា បងកុំៗ រួចជនល្មើសក៏បានស្រែកហៅសាក្សី ឈ្មោះឃ.ស.ធ ឲ្យចូលក្នុងបន្ទប់ទឹកទៀតដោយប្រាប់ថាមេកាដួលបោកក្បាលក្នុងបន្ទប់ទឹក តែគាត់មិនចូលទេហើយរត់ចេញមកក្រៅស្រែកហៅ សន្តិសុខ និងអ្នកជិតខាងឲ្យមកជួយ ពេលនោះក៏ឃើញជនល្មើសរត់ចេញពីក្នុងផ្ទះ ហើយរត់តាមផ្លូវទៅទិសខាងត្បូងបាត់តែម្តង។

ក្រោយពេលពិនិត្យសាកសពរួច សពបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់