ព័ត៌មានជាតិ

រថយន្តធន់ធំក្រុមហ៊ុន HC បើកវ៉ាជែងបុកម៉ូតូសង់ពេញទំហឹង ធ្លាយខួរស្លាប់ម្នាក់លើស្ពានអ្នកលឿង

កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តធន់ធំ មួយគ្រឿងបើកវ៉ាជែង ទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ជិះឌុបគ្នា២នាក់ពេញទំហឹង ផ្លោងម្នាក់ចូលក្រោមកង់រថយន្តកិនធ្លាយខួរស្លាប់មួយរំពេច និងម្នាក់ទៀត របួសស្រាល ចំណែករថយន្តបង្កបានបើកគេច តែត្រូវសមត្ថកិច្ចដេញតាមរកឃើញវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង គីឡូម៉ែត្រលេខលេខ៥៩-៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើ ទី១.ឈ្មោះ សូ ពុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកំហែងរាជ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្លាប់នៅនឹងកន្លែងកើតហេតុ ជាអ្នករួមដំណើរ និងម្នាក់ទៀតឈ្មោះជៀវ ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំជាមួយគ្នា ជាអ្នកបើកបរម៉ូតូ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ តាកែវ 1B-7402 ទិសដៅពីអ្នកលឿងទៅភ្នំពេញបើកបរតាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តធន់ធំ របស់ក្រុមហ៊ុន HC បុកពេញទំហឹងបណ្តាលឲ្យខ្ទាតជនរងគ្រោះដែលជិះពីក្រោយ ត្រូវរថយន្តកិនធ្លាយខួរស្លាប់មួយរំពេច ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល ក្រោយពីកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ តែត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ដេញតាមឃាត់បាន ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញបានចុះទៅធ្វើការវាស់វែង នាំយកមករថយន្តបង្ក រួមនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/lk7z88kCatM

មតិយោបល់