ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងច្បារមន ឃាត់ខ្លួនយុវជន២នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀន

កំពង់ស្ពឺ: កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពីលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះឆែកឆេរផ្ទះជនសង្ស័យចែកចាយគ្រឿងញៀនឈ្មោះ វ៉ាន់ ថាយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន និងបក្សពួកម្នាក់ទៀតឈ្មោះ ម៉ូវ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន។

ហើយក្នុងនោះកម្លាំងរាជអាវុធហត្ថដកហូតបាន៖ ម្សៅក្រាម ពណ៏ស ថ្នាំម៉ាទឹកកក ចំនួន២កញ្ចប់ ១កញ្ជប់ធំនិង១កញ្ចប់តូច,ម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F- 6442, ដបសម្រាប់ជក់ចំនួន១ដប, ដាវ១ដើម កាំបិត១ដើម, ថង់សម្រាប់ច្រកថ្នាំចែកចាយ១៥០ថង់។

ក្រោយការសាកសួរឃើញមានការពាក់ពន្ធ័កម្លាំងរាជអាវុធហត្ថបានបន្តនិតិវិធីឆែកឆេរផ្ទះឈ្មោះ ហៃ វ៉ាន់ឌី ភេទប្រុស អាយុ៣៣ឆ្នាំ មួយកន្លែងទៀត នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ប៉ុន្តែឈ្មោះហៃ វ៉ាន់ឌី មិននៅគឺនៅតែប្រពន្ធ។ ដោយមានការអនុញ្ញាតិ ទើបកម្លាំងរាជអាវុធហត្ថរកឃើញវត្ថុតាងរួមមាន៖ ថ្នាំញៀន១កញ្ជប់តូច, ដាវ១ដើម និងដបសម្រាប់ជក់១ដបថែមទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់បញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្ត ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់