ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនបានជិត១០កញ្ចប់

កណ្តាល: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ប៉ាត់ រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ និងទី២ឈ្មោះ ប៉ាត់ រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យទាំង២នាក់ជាបងប្អូនបង្កើត ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

មុនឈានដល់ការចាប់ឃាត់ខ្លួន ដោយបានគោលការណ៍ឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតសមត្ថកិច្ចជំនាញប្រើប្រាស់កម្លាំងផ្ដល់ព័ត៌មានសម្ងាត់ ឲ្យទាក់ទងជាមួយជនសង្ស័យឈ្មោះ ប៉ាត់ រ៉ាវីត បានថ្នាំញៀនចំនួន២កញ្ចប់តម្លៃ៤០.០០០រៀល ។

ក្រោយពេលបានថ្នាំញៀនហើយ លោកអធិការបានដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្ដិ៍ឈានដល់ការចាប់បង្រ្កាប ឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ាត់ រ៉ាវីត និងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូច ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន។ ក្រោយពីរកឃើញថ្នាំញៀននៅជាប់នឹងខ្លួនជនសង្ស័យ លោកអធិការបានសុំគោលការណ៍បន្តទៅលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីឈានដល់ការឆែកឆេរផ្ទះម្ដាយរបស់ជនសង្ស័យ ដោយមានការឯកភាពនីតិវិធីបន្ត ពីលោកព្រះរាជអាជ្ញា ក្នុងពេលឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់ មធ្យម១កញ្ចប់ និងតូច២កញ្ចប់ និងសម្ភារ:សម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួនបន្ថែមទៀត។ ហើយថ្នាំញៀនដែលបានរកឃើញនៅក្នុងផ្ទះរបស់ម្ដាយសង្ស័យគឺជាថ្នាំញៀនរបស់ជនសង្ស័យឈ្មោះប៉ាត់ រ៉ាវី ត្រូវជាបងប្រុសបង្កើតរបស់ជនសង្ស័យ ឈ្មោះ ប៉ាត់ រ៉ាវីត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់