មនុស្សភាគច្រើនតែងតែគិតថា ជំងឺមហារីកសួត កើតមានចំពោះអ្នកជក់បារីប៉ុណ្ណោះ ប៉ុន្តែតាមការពិតជំងឺមួយនេះ អាចកើតចំពោះមនុស្សគ្រប់ប្រភេទ។ មូលហេតុមិនមែនបណ្តាលមកពីផ្សែងបារីតែមួយមុខនោះទេ ពោលគឺមានទាំងជាតិវិទ្យុសកម្ម ជាតិពុលក្នុងបរិយាកាស និងការរស់ក្នុងបរិស្ថានមិនស្អាត។
ទោះជាយ៉ាងណាមនុស្សភាគច្រើនតែងតែមើលរំលងរោគសញ្ញាដំបូង ហើយបណ្តោលរហូតដល់ទាល់តែជំងឺមហារីកសួតឈានដល់ដំណាក់កាលចុងក្រោយទើបព្យាបាល។ ដូច្នេះ ដើម្បីការពារជីវិតពីជំងឺមួយនេះ អ្នកត្រូវតែប្រុងប្រយត្នប្រសិនបើសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោមៈ

១.ក្អកជាប់រហូត
រោគសញ្ញាទូទៅ នៃជំងឺមហារីកសួត គឺការក្អក។ ប្រសិនបើអាការក្អកអូសបន្លាយមានរយៈពេលយូរដោយគ្មានមូលហេតុ នោះអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព។

២.ឈឺទ្រូងរ៉ាំរ៉ៃ
ការឈឺទ្រូងរ៉ាំរ៉ៃ គឺជាមូលហេតុមួយទៀតនៃជំងឺមហារីកសួត។ ប្រសិនបើអ្នកមានអាការឈឺទ្រូង ក្នុងរយៈពេលមួយយូរមិនព្រមបាត់ វាអាចជាសញ្ញានៃជំងឺមហារីកសួតហើយ។

៣.ស្រកទម្ងន់មិនដឹងមូលហេតុ
ទោះបីជាអ្នកទទួលទានបានគ្រប់គ្រាន់យ៉ាងណាក៏ដោយ តែទម្ងន់ស្រកទៀត វាអាចជារោគសញ្ញាមួយនៃជំងឺមហារីក ព្រោះមេរោគមហារីកច្រើនតែបំផ្លាញប្រព័ន្ធសារពាង្គកាយខាងក្នុងរបស់មនុស្ស ទើបធ្វើឲ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស។

៤.ការឈឺឆ្អឹង
មនុស្សភាគច្រើនតែងតែយល់ច្រឡំថា អាការឈឺឆ្អឹងបណ្តាលមកពីកង្វះជាតិវីតាមីន D។ ប៉ុន្តែតាមពិតជំងឺមហារីកសួត ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ឈឺចាប់នៅក្នុងឆ្អឹង ឬសន្លាក់ផងដែរ ប្រសិនបើមេរោគមហារីក បានរាលដាលទៅសរីរាង្គផ្សេងៗ នៅក្នុងរាងកាយរបស់អ្នក។
៥.ហើមមុខ និងក
នៅពេលដែលសាច់ដុំរបស់អ្នកចាប់ផ្តើមប្រតិកម្មជាមួយមេរោគមហារីក ពេលនោះអ្នកអាចសង្កេតឃើញថា មុខ និងក របស់អ្នកមានអាការហើមខុសធម្មតា។

៦.អស់កម្លាំង ល្ហិតល្ហៃ
មនុស្សប្រហែល ៨០ភាគរយ ដែលកើតជំងឺមហារីក តែងតែមានអាការអស់កម្លាំង ល្ហិតល្ហៃឧស្សាហ៍ងងុយគេង ទោះជាគេងបានច្រើនម៉ោងយ៉ាងណាក៏ដោយ។
៧.ជាតិកាល់ស្យូមក្នុងឈាមឡើងខ្ពស់
ជំងឺមហារីកសួត បានធ្វើឲ្យអ្នកជំងឺមានបញ្ហាតុល្យភាពនៃជាតិរ៉ែក្នុងខ្លួន ជាពិសេសការកើតឡើងនៃជាតិកាល់ស្យូមខ្ពស់ក្នុងឈាម ដែលជាហេតុបណ្តាលឲ្យអ្នកជំងឺមានអាការនោមញឹក ស្រេកទឹក ទល់លាមក ក្អួតចង្អោ ឈឺពោះ និងវិលមុខជាដើម៕

មតិយោបល់