ព័ត៌មានអន្តរជាតិ

កាន់កែវឹកវរហើយ ប៉ូលិសថៃ រកឃើញគម្រោងការលួចធ្វើឃាតនាយករដ្ឋមន្ត្រី

ថៃៈ ប៉ូលិសក្នុងប្រទេស កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា ពួកគេបានរកឃើញគម្រោងការដ៏សាហាវមួយ ដែលបានរៀបចំទ្បើង ក្នុងគោលបំណង ដើម្បីសម្លាប់នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ក្រោយការរឹបអូសឃ្លាំងអាវុធសម្ងាត់មួយកន្លែង ជា កម្មសិទ្ធិរបស់សកម្មជនបក្សប្រឆាំងនឹងរបបយោធា។ នេះបើយោងតាមរយៈ សារព័ត៌មាន Bankok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។

វាគឺជាការរកឃើញឃ្លាំងអាវុធចុងក្រោយ ដែលជាកម្មសិទ្ធិរបស់សមាជិកនៃចលនាក្រុមអាវក្រហម ជាក្រុមនយោបាយមួយ ស្មោះត្រង់នឹងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

ប្រភពពីប៉ូលិសដដែល បានប្រាប់ឲ្យដឹងទៀតថា ពួកគេបានរកឃើញ កាំភ្លើង AK រាប់សិបដើម និងគ្រាប់បែកមួយចំនួន ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ នៅឯផ្ទះដែលជាកម្មសិទ្ធិសកម្មជនមេដឹកនាំអាវក្រហម លោក Wuthipong Kochathamakun បន្ទាប់ពីគាត់បានរត់គេចខ្លួនតាំងពីរដ្ឋប្រហារយោធាកន្លងមក។

លើសពីនេះទៅទៀត ក្រុមប៉ូលិស ក៏បានចាប់ខ្លួនបុរសចំនួន ០៩ នាក់ទៀត រួមទាំងបានរឹបអូសយកអាវុធផងដែរ ដោយអះអាងថា ពួកគេជាប់ពាក់ព័ន្ធជាមួយការរៀបចំផែនការនេះ ដែលជាការបង្កហេតុឲ្យប្រទេស ធ្លាក់ក្នុងភាពចលាចល៕

មតិយោបល់