ភ្នំពេញៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានរាយការណ៍ឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នេះ កម្មករ-កម្មការិនី ដែលបម្រើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ TSG ដែលមានឈ្មោះពេញ ធៀន ស៊ុង ខេមបូឌាហ្គាមេន ខូអិលធីឌី ជាច្រើននាក់ បាននិងកំពុងបន្តដួលសន្លប់ ជាបន្តបន្ទាប់ដោយមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយ។
ទីតាំងរោងចក្រខាងលើនេះ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានកម្មករសរុបជាង១ពាន់នាក់។
គួរបញ្ជាក់ផងដែរថា ការដួលសន្លប់របស់កម្មករទាំងនេះ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមីនា ប៉ុន្តែខណៈមិនទាន់រកមូលហេតុឃើញផង កម្មករ កម្មការិនី ជាច្រើននាក់ទៀត បានបន្តដួលសន្លប់ដល់ថ្ងៃនេះទៀត ដោយគិតទៅមានរយៈពេល៣ថ្ងៃមកហើយ ដោយមានកម្មករដួលសន្លប់រហូតដល់ជាង១០០នាក់។
បច្ចុប្បន្នកម្មករទាំងនោះ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមូលមិត្ត ៣១នាក់និងខ្លះទៀតមកសម្រាកនៅមន្ទីរពេទ្យវុធ នៅផ្លូវជាតិលេខ៣ចំនួន ១៤នាក់៕










មតិយោបល់