ភ្នំពេញៈ ស្រ្តីជាម្តាយម្នាក់ ត្រូវ២នាក់ប្តីប្រពន្ធរស់នៅផ្ទះជាន់លើវាយបែកក្បាលតាំងពីព្រឹកព្រលឹម រំលងជិត៣ម៉ោងក្រុមក្មួយខាងជនបង្កមកចាប់ព្រួតវាយកូនប្រុសម្តងទៀត បន្ទាប់ពីមានជម្លោះជាង១០ឆ្នាំរ៉ាំរ៉ៃ ដែលជនរងគ្រោះមិនទាន់ទាមទារបានយុត្តិធម៌ផង បង្កហិង្សាជាថ្មីទៀតព្រោះអាងខ្នងផ្កាយលើស្មារមានដល់ទៅ៣។
ករណីហិង្សានេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅខាងមុខផ្ទះលេខ៣០៣E0 ផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសម្តីឈ្មោះ សៅ ស្រេម ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរបុគ្គលិកមន្ទីរពេទ្យរុស្ស៊ី មានប្រពន្ធឈ្មោះ អ៊ឹង គឹមស៊ុនណារី ភេទស្រី អាយុ៥៦ឆ្នាំ មានមុខរបរមេផ្ទះ និងកូនប្រុស ស្នាក់នៅកន្លែងកើតហេតុ និងត្រូវ២នាក់ប្តីប្រពន្ធមានឈ្មោះ ស៊ូ ទ្រី ភេទប្រុស អាយុប្រហែល៦០ឆ្នាំជាង មុខរបរលក់ដូរ និងប្រពន្ធឈ្មោះ ឡុងហៀង ភេទស្រី អាយុ៧២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣០៣E1 ជាន់ទី១ ផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានព្រួតគ្នាវាយស្ត្រីរងគ្រោះ អ៊ឹង គឹមស៊ុនណារី និងកូនប្រុសបែកក្បាលហូរឈាមជាថ្មីម្តងទៀត បន្ទាប់ពីមានជម្លោះជាង១០ឆ្នាំរ៉ាំរ៉ៃប្តឹងផ្តល់តាំងពីសង្កាត់ប៉ុស្តិ៍មិនអាចដោះស្រាយបានរហូតដល់តុលាការ នៅតែមិនមានភាពយុត្តិធម៌ ។
ដោយមុនឈានដល់វាយប្រពន្ធជនរងគ្រោះប្តីបានប្រាប់ថា ខាងភាគីបង្កហិង្សាមានចេតនា និងចោទប្រពន្ធរបស់គាត់ជាអ្នកត្រូវគេវាយបានដើរបុកពួកគាត់ហើយក៏នាំគ្នាទាំង២នាក់ចាប់វាយប្រពន្ធគាត់បែកក្បាលហូរឈាម គឺនៅខាងមុខផ្ទះលេខ៣០៣តែម្តង បន្ទាប់ពីមានការប្រតាយប្រតប់ឈ្លោះប្រកែកគ្នា។
ជនរងគ្រោះក៏បានទៅប្តឹងនគរបាលប៉ុស្តិ៍ផ្សារដើមគ ចុះទៅធ្វើកំណត់ហេតុនៅមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ តែជនបង្កទាំង២នាក់ប្តីប្រពន្ធបានដើរទៅផ្ទះមួយផ្សេងទៀតនៅជិតស្តុបផ្សារដើមគ ស្ថិតនៅផ្លូវម៉ៅសេងទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយឃើញដូច្នោះកូនប្រុសរបស់ស្ត្រីរងគ្រោះ ក៏ទៅតាមខ្លាចជនបង្កមិនចូលខ្លួនដោះស្រាយ ហើយនៅចាំមើលខាងក្រៅផ្ទះលើចិញ្ចើមផ្លូវ ត្រូវបានក្មួយជនបង្កជិះម៉ូតូធំម៉ាកCBR បិតស្កុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-5552 មានគ្នាចំនួន៤នាក់ បានមកចាប់វាយបណ្តាលឲ្យរងរបួសស្រាល បានបង្កការភ្ញាក់ផ្អើលម្តងទៀត ។ ក្រោយពីវាយកូនស្ត្រីរងគ្រោះហើយក្រុមជនបង្កបានគេចខ្លួនបាត់ស្រមោល រីឯលោក ស៊ូយ ទ្រី ដែលជាជើងខ្លាំងមានខ្នងផ្កាយ៣ត្រូវបាននគរបាលចរាចរណ៍និងនគរបាលប៉ុស្តិ៍ផ្សារដើមគ អនុញ្ញាតបណ្តោយឲ្យជនបង្កជិះរថយន្ត ហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ 2K-9841 ចេញដោយសុវត្ថិភាព។
យោងតាមសម្តីនគរបាលប៉ុស្តិ៍ផ្សារដើមគបានប្រាប់ថា ស្ត្រីឡុងហៀងបាននិយាយថា ស្ត្រីគឹមស៊ុនណារី ជាអ្នកមកបង្ករឿងដោយដើរបុកគាត់មុននិងបានឈ្លោះប្រកែកគ្នារួចមកគាត់ បានគ្រវែងថង់ខ្មៅដែលកាន់នៅហ្នឹងដៃមានពិល ត្រូវថ្ងាសស្ត្រីគឹមស៊ុនណារីបែកចេញឈាម។ មួយសន្ទុះក៏មានប្តីរបស់ស្ត្រីគឹមស៊ុនណារីមកច្រាន ឡុងហៀង បណ្តាលឲ្យដួលរងរបួស ទើបសមត្ថកិច្ចអនុញ្ញាតឲ្យទៅមន្ទីរពេទ្យ ព្រមទាំងហាមកូនស្ត្រីឈ្មោះ សៅ ចាន់តារា កុំទៅឃាត់រថយន្តគេធ្វើអ្វី ខ្លាចមានបញ្ហាទៀត ។
យោងតាមសម្តីកូនស្ត្រីត្រូវគេវាយបែកក្បាលឈ្មោះ សៅ ចាន់តារា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន បានប្រាប់ថា ដោយមានការណែនាំពីមេធាវី ចង់ដឹងថាជនបង្កទៅទីណាទើបខ្លួនជិះម៉ូតូតាម ក៏ត្រូវក្មួយខាងជនបង្កជិះម៉ូតូម៉ាកCBR បិតស្កុត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-5552 មានគ្នាចំនួន៤នាក់មកចាប់វាយទៀត ដោយមិនខ្លាចច្បាប់បន្តិចសោះ។
សាក្សីឃើញហេតុការណ៍ពីដំបូងបានប្រាប់ថា មុនពេលកើតហេតុលោក ស៊ូយ ទ្រី និងប្រពន្ធបានមកខាងមុខផ្ទះឈរនិយាយជាមួយអ្នកលក់ស្វាយ បន្ទាប់មកស្ត្រីគឹមស៊ុនណារី បានចេញពីផ្ទះបានដើរឆ្ងាយពីគ្នាមកនិយាយជាមួយអ្នកលក់ក្បែរគ្នា។ ស្រាប់តែលោក ស៊ូយ ទ្រី បានស្រែកស្តីថា ដើរបុករករឿងទាំងព្រឹក និងតាមរករឿងស្ត្រីគឹមស៊ុនណារី ទៅដល់ខាងមុខរថយន្តតាក់ស៊ីទៀត ទើបបានបង្កជម្លោះប្រកែកគ្នាបានមួយសន្ទុះក៏លោកស្រីឡុងហៀងយកពិលវាយក្បាលស្ត្រីគឹមស៊ុនតែម្តង ហើយលោក ស៊ូយ ទ្រី បានវាយស្ត្រីគឹមណារីបន្ថែមទៀត។
លោក សៅ ស្រេម គាត់បានបដិសេធរាល់ការចោទប្រកាន់ពីក្រុមគ្រួសារជនបង្ក ដោយគាត់មានកាំមេរ៉ាសុវត្ថិភាពជាភស្តុតាង ហើយលោករងចាំមើលចំណាត់ការរបស់នគរបាលសិន។ លោកបានបន្តទៀតថានេះខាងគាត់ជាជនរងគ្រោះមានភាពត្រឹមត្រូវផង បើបានប្រព្រឹត្តខុសវិញមិនដឹងគេឬនគរបាលចាប់ដាក់តាំងពីមានរឿងកើតឡើងភ្លាមៗមកម្ល៉េះ។
នេះជាករណីអំពើហិង្សាបង្ករបួសស្នាមជាលើកទី២ហើយនៅក្នុងសង្កាត់ផ្សារដើមគ មិនត្រូវបាននគរបាលឃាត់ខ្លួនជនបង្ករបួសស្នាមទោះមានអាវុធជាភស្តុតាងក៏ដោយ ដូចចង់ជាបង្ហាញអំពីភាពមិនប្រក្រតីនៃការប្រព្រឹត្តអំពើពុករលួយអញ្ចឹង ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ហ៊ុន សុធី អធិការខណ្ឌទួលគោកជួយមើលកូនចៅផង៕
ក្នុងនោះដែរ យើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
https://youtu.be/sD8gdcz2ILw
មតិយោបល់