ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់មុខសញ្ញាកាច់កម៉ូតូ បាន២នាក់

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ បានធ្វើការល្បាតនិងឃាត់ខ្លួនមុខសញ្ញាចោរលួចកាច់សោកម៉ូតូបានចំនួន២នាក់ និងម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវមុន្នីរ៉េត ខាងមុខវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ធី ចាន់រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនសង្ស័យទី២ឈ្មោះ ជា សុភាព អាយុ៣៥ស្រុកកំណើតភូមិកោះចរាម ឃុំកោះចរាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្នាក់ផ្ទះជួល ក្រុម៩ ភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមសម្តីពីលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីស្ទឹងមានជ័យបានប្រាប់ នៅមុនពេលកើតហេតុ កម្លាំងរបស់ពួកគាត់បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់គាត់ លុះពេលល្បាតមកដល់ចំណុចផ្លូវបេតុងជិតវត្តស្ទឹងមានជ័យក៏ប្រទះឃើញជនសង្ស័យឈ្មោះ ធី ចាន់រិទ្ធ កំពុងដើមក្នុងលក្ខណៈសង្ស័យ ក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ ខណៈពេលនោះជនសង្ស័យខាងលើបានឆ្លើយសារភាពថាកន្លងមករូបគេនិងបក្ខពួកឈ្មោះជា សុភាព ធ្លាប់បានលួចយកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1GA-4339 កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវវេងស្រេង ខាងមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់មក លោក ឯម ភារី បានធ្វើការស្រាវជ្រាវភ្លាមៗនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ជា សុភាព កាលពីវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃដដែល នៅចំណុចផ្លូវបេតុងភូមិមានជយ័១ រួមទាំងម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 1GA-4339 យកមកសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ម៉ូតូស៊ុយសាគីនិចខាងលើ ពួកគេបានធ្វើសកម្មភាពលួចកាច់សោក ចេញមកពីសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ហើយរីឯស្លាកលេខពួកគេបានដោះចេញហើយស្លាកលេខម៉ូតូហុងដាឌ្រីមខាងលើយកមកដាក់វិញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ កំពុងកសាងសំណុំរឿងបញ្ចូបទៅអធិការដ្ឋាននគរបាលខណ្ឌខណ្ឌមានជ័យ ចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/9SHv8GKOHtk

មតិយោបល់