ក្នុងពិធីសម្ពោធរឿង«លង់ស្នេហ៍អ្នកគ្រូ»នាយចយ ដែលជាតួអង្គធំនៅក្នុងរឿងនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលផលិតករភាពយន្តរបស់ផលិតកម្មបដិហារ្យ បានផ្ដល់ឱកាសអោយនាយបានសម្ដែងជាតួឯកម្នាក់ខុសពីរឿងមុនៗ។ នាយថាធ្លាប់តែសម្ដែងក្នុងរឿងជាតួមួយប្លង់ ឬពីរប្លង់ប៉ុណ្ណោះ ទើបចាត់ទុកការបង្ហាញមុខជាតួធំលើកដំបូងក្នុងរឿងមួយនេះ នឹងធ្វើអោយនាយកន្ត្រាក់បានទីផ្សារខ្លាំងក្លានាពេលបន្តបន្ទាប់។
នាយចយ និយាយថាក្នុងរឿង«លង់ស្នេហ៍អ្នកគ្រូ» នាយបានទទួលតំណែងមិនខុសពីឯក នោះទេ ដោយសារតែក្នុងរឿងនោះ មានតួឯក៣គូ ហើយនាយគឺជាតួអង្គម្នាក់។ នាយនិយាយថានាពេលកន្លងមក ការសម្ដែងរឿងមិនសូវទទួលបានទីផ្សារនោះទេ ក្រៅពីការកំប្លែងលើឆាកជាមួយនាយក្រឹម ហើយយូរៗម្ដងក៏បានថតរឿងខ្លីបែបកំប្លែងនៅខាងក្រៅទូរទស្សន៍បាយ័ន។ នាយសារភាពថាប្រាក់ចំណូលពីអាជីពសិល្បៈក៏មិនសូវបានច្រើនដូចគ្នា ទើបនាយត្រូវបន្ថែមការងារជាមួយបងប្អូននៅ ខាងក្រៅសិល្បៈដែលជាប្រភេទការងារប្រើកម្លាំងមួយដែរ ដោយនាយសុំចិត្តមិនប្រាប់។ នាយចយ និយាយថាក្នុងរឿង«លង់ស្នេហ៍អ្នកគ្រូ»មានប្លង់របស់នាយពីដើមដល់ចប់ ដោយប្លង់ទាំងនោះសុទ្ធតែជាប្លង់ដែលលោកពេញចិត្ត ជាពិសេសប្លង់ត្រូវខ្មោចលង និងប្លង់ស្រម៉ៃថាខ្លួនជាតារាចិនជាដើម។ លោកថារំពឹងថាមុខមាត់ចម្លែករបស់ខ្លួន នឹងធ្វើអោយផលិតករចាប់អារម្មណ៍អោយសម្ដែងបន្តទៀតនៅក្នុងភាពយន្ត និងថាបណ្ដាលមកពីខ្វះអ្នកលើកទើបមិនសូវមានទីផ្សារថតរឿង។ នាយទទូចអោយមានការផ្ដល់ឱកាសអោយលោកបានសម្ដែងកុន ដោយអះអាងថាបើនាយមានការងារសិល្បៈច្រើនក្នុងដៃ គឺនាយនឹងដកខ្លួនពីការងាររកចំណូលជាមួយបងប្អូនដែលបានអះអាងថាមិនសូវស្រួលទម្រាំបានលុយនោះ។ ក្នុងរឿងទាំងមូល នាយចយប្រាប់ថាផលិតករអោយ សម្ដែងជាបុរសច្រឡឺម និងពូកែញ៉ែស្រី ដោយទីបញ្ចប់រឿង លោកក៏មាននារីស្រស់ស្អាតទទួលយកធ្វើជាគូស្នេហ៍ផងដែរ។
លោកស៊ុម ភារិន ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្ត បានអះអាងថាតួអង្គនាយចយ បានធ្វើអោយផ្ទៃរឿងរបស់លោកពោរពេញដោយភាពកំប្លុកកំប្លែងយ៉ាងខ្លាំង ដោយសារតែនាយមានមុខចម្លែកខុសគេ ហើយសំបូរនូវស្ទីលនិយាយអោយមហាជនសើច។ មួយរឿងនេះផលិតកម្មបានសម្រិតសម្រាំងយ៉ាងខ្លាំងលើផ្នែកគុណភាព ដោយការប្រើទុនក៏ច្រើននោះដែរ ជាពិសេសលើការជួលតួល្បីៗដូចជានាយចឺម នាយពែកមី យាយយយ និងតួស្រីនីតា វរវង្ស ជាដើម អោយសម្ដែងជាតួមួយប្លង់ៗ ដែលមិនខុសពីយកមកលើកនាយចយ ដែលបានសម្ដែងជាតួឯកម្នាក់។ រឿង«លង់ស្នេហ៍អ្នកគ្រូ» ត្រូវលោកប្រកាសថានឹងចាក់បញ្ចាំងគ្រប់រោងចាប់ពីថ្ងៃទី២៣ មីនា តទៅ ដោយក្ដីរំពឹងថាជោគជ័យ គឺខ្ពស់ដាច់ឆ្ងាយនឹងរឿង«គំនុំខ្មោចក្រមុំទាំង៣» ដែលបានជោគជ័យនាពេលមុនដែរ៕
https://www.youtube.com/watch?v=L-h89WmK1eA&feature=youtu.be
មតិយោបល់