ភ្នំពេញៈ ប្រុសស្រីចំនួន៣នាក់ ជិះម៉ូតូឌ្រីមមួយគ្រឿងបោះពួយយ៉ាងលឿន ក្នុងសភាពភ័យស្លន់ស្លោ និងបើកបរទាំងបំពានភ្លើងសញ្ញាចរាចរណ៍ បានជ្រុលទៅបុករថយន្ត ១គ្រឿងពេញទំហឹង ខណៈមានរថយន្ត១គ្រឿងទៀត កំពុងបើកដេញតាមពីក្រោយ សង្ស័យមានជម្លោះជាមួយគ្នា។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-6951 បើកបរជាខណៈគ្រួសារ មានគ្នាបីទៅបួននាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៨៩។ លុះមកដល់ចំណុចស្តុបកើតហេតុ ដែលជាភ្លើងអទិភាពពណ៌បៃតង រថយន្តខាងលើ បានបើកឆ្លងស្តុប ដោយឆ្លងកាត់ផ្លូវ៥២៨ ខណៈឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរី០២០ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IC-8992 បើកបរដោយបុរសម្នាក់ អមដំណើរដោយនារី២នាក់ ធ្វើដំណើរពីលិចទៅកើតតាមបណ្តោយផ្លូវ៥២៨ ក្នុងល្បឿនយ៉ាងលឿន។
ដោយគេឃើញមានរថយន្តមួយគ្រឿងទៀត ម៉ាក Morning មិនចាំផ្លាកលេខ បើកដេញតាមពីក្រោយ ហាក់ដូចជាមានបំណងដេញបុកម៉ូតូខាងលើ តែមិនដឹងថាមានរឿងអ្វីនិងគ្នានោះទេ។
ខណៈនោះម៉ូតូខាងលើ បានព្យាយាមបើកឆ្លងកាត់ផ្លូវ២៨៩ទាំងបំពានភ្លើង សញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បែកក្បាល និងនារីរួមដំណើរជាមួយ រងរបួសស្រាល ចំណែកឯម៉ូតូខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ ដោយទ្បែករថយន្ត បានរងការខូចខាតក្រពឹតមួយចំហៀងខាងស្តាំ និងបែកកញ្ចក់ខ្ទាតទៅលើស្ត្រីម្នាក់ ដែលរួមដំណើរក្នុងរថយន្ត បណ្តាលឲ្យរងរបួសស្រាល់។
ចំណែករថយន្តបើកដេញតាមពីក្រោយម៉ូតូខាងលើ បានបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ ក៏មានរថយន្តរបស់គ្លីនិកឯកជនសម្ភពពន្លឺ បានមកដឹកយកជនរងគ្រោះ យកទៅមន្ទីរពេទ្យផងដែរ។ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕
មតិយោបល់