ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ការដាក់គោលដៅរបស់នគរបាលចរាចរណ៍ខេត្តកណ្តាលចំណុចផ្លូវជាតិលេខ២ព្រែកហូ ធ្វើឲ្យស្ទះចរាចរណ៍

កណ្តាលៈ គោលដៅឈរជើងរបស់នគរបាលចរាចរណ៍ខេត្តកណ្តាល ត្រង់ចំណុចផ្លូវជាតិលេខ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវបានអ្នកដំណើរធ្វើការរិះគន់ថាបានបង្កឲ្យមានការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ ដោយជ្រកក្រោមស្លាករឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍។

អ្នកដំណើរជាច្រើន បាននិយាយគ្រប់គ្នាថា ពួកគាត់សព្វថ្ងៃនេះធុញណាស់ ពេលធ្វើដំណើរដល់ចំណុចផ្លូវបំបែក៦០ម៉ែត្រ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ស្ទះចរាចរណ៍រហូត គឺមកពីមានប៉ុស្តិ៍កុងត្រូលរបស់នគរបាលចរាចរណ៍ខេត្តកណ្តាលចាប់ឃាត់រថយន្តគ្រប់ប្រភេទ ហើយមិនដឹងថាអនុវត្តច្បាប់ចរាចរណ៍យ៉ាងម៉េចទេបានជាកកស្ទះពេញផ្លូវ។

អ្នកដំណើរបន្តថា ពួកគាត់បានឭការប្រកាសថាលែងឲ្យមានការដាក់កុងត្រូលនៅលើផ្លូវជាតិហើយ ចុះហេតុដូចម្តេចនៅចំណុចផ្លូវជាតលេខ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅតែមានការដាក់កុងត្រូលអញ្ចឹង?។

មន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្តាលបានបញ្ជាក់ប្រាប់ភ្នាក់ងារ Post News ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងលើផ្លូវជាតិជារ៉ើយៗនោះ នគរបាលចរាចរ ខេត្តកណ្តាលនៃស្នងការដ្ឋានខេត្តបានដាក់កម្លាំងជាច្រើននាក់ចុះឈរនៅលើដងផ្លូវជាតិមួយចំនួនដើម្បីឃាត់រថយន្តមិនគោរពច្បាប់ដឹកសំពីងសំពោងនៅលើដងផ្លូវ មិនមានការគ្របឲ្យបានត្រឹមត្រូវនោះ រួចហៅអ្នកបើកបរមកធ្វើការណែនាំអប់រំឲ្យចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ស្របទៅតាមគោល ការណ៍របស់រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ដែលកើតឡើងដោយសារចរាចរណ៍នោះ ។

លោក ខៀវ ប៊ុនធឿន ប្រធានក្រុមចុះដឹកនាំកម្លាំងមន្ត្រីនគរបាលចុះទៅត្រួតពិនិត្យរថយន្តមិនគោរពច្បាប់នោះបានឲ្យកម្លាំងឃាត់រថយន្តមួយចំនួនដែលមិនគោរពច្បាប់រួចហើយបានធ្វើការណែនាំដល់អ្នកបើកបររថយន្តថា បងប្អូនមិនត្រូវដឹកលើសទម្ងន់និងដាក់សំពីសំពោងនោះទេ ហើយត្រូវគ្របឲ្យបាន ត្រឹមត្រូវជាពិសេសនោះ គឺមិនត្រូវឲ្យអ្នករួមដំណើរជិះលើដំបូលរថយន្តនោះទេ គឺវាងាយនិងគ្រោះថ្នាក់ ខ្លាំងណាស់ ដូច្នេះបងប្អូនត្រូវចូលរួមទាំងអស់គ្នា។ ជាមួយគ្នានោះដែរ អ្នកបើកបររថយន្តទាំងអស់ក្រោយពីស្តាប់ការពន្យល់របស់លោក ខៀវ ប៊ុនធឿនយល់អំពីបញ្ហាគ្រោះថ្នាក់ដែលកើតឡើងដោយសារខ្វះការប្រុងប្រយ័ត្ននោះបានថ្លែងអំណរគុណដល់ នគរបាលចរាចរ និងប្តេជ្ញាចិត្តចូលរួមអនុវត្តន៍ច្បាប់ចរាចរឲ្យបានល្អបំផុតដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរនិងចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។

លោកឧត្តមសេនីយ៍ត្រី វ៉ែន សាវឹន ស្នងការរងទទួលផែនចរាចរណ៍ខេត្តកណ្តាល បានប្រាប់ភ្នាក់ងារPost News តាមទូរសព្ទ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ថា លោកបានធ្វើការណែនាំទៅលោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោក បើត្រួតពិនិត្យសូមត្រួតពិនិត្យឲ្យត្រឹមត្រូវតាមច្បាប់ និងតាមបទបញ្ជាររបស់លោកស្នងការខេត្ត បើធ្វើអ្វីត្រូវគោរពតាមការណែនាំរបស់ថ្នាក់លើផង។

លោកស្នងការរង បានPost News ទៀតថា លោកនិងលោកស្នងការ និងលោកនាយការិយាលយ័ ក៏បានចូលរួមប្រជុំជាមួយខាងលោកអគ្គដែរ ហើយលោកបានណែនាំតាមប្រព័ន្ធ What App ជាសំឡេងណែនាំនៅក្នុងគ្រុបបន្ថែមទៀតផង។ លោកបន្តរទៀតថា ចំពោះការរិះគន់គឺពិតជាត្រឹមត្រូវ ហើយលោកនិងបន្តការណែនាំបន្ថែមទៀត ៕

មតិយោបល់