ព័ត៌មានជាតិ

ប្តីប្រើហិង្សាញយដងពេក ប្រពន្ធខឹងប្តឹងសមត្ថកិច្ច

ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹងថា ស្រ្តីម្នាក់បានប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅចាប់ខ្លួនបុរសជាប្ដីចាត់ការតាមច្បាប់ និងបានសុំលែងលះប្ដីខាងលើនោះទៀតផង ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៧ នៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅចំពោះមុខនគរបាលប៉ុស្ដិ៍ចោមចៅ ស្រ្តីរូបនោះបានចោទប្រកាន់ថា ប្ដីក្មេងរបស់គាត់តែងតែប្រើអំពើហិង្សា វាយតប់គាត់ជាញឹកញាប់ រហូតគាត់ទ្រាំលែងបានទើបដាក់ពាក្យ ប្ដឹងសុំឲ្យនគរបាលជួយចាប់ខ្លួន ។

ស្រ្តីជាប្រពន្ធឈ្មោះ ពុត មឿន អាយុ៤៣ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ និងមានស្រុកកំណើតនៅភូមិ ព្រៃផ្ដៅ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។ រីឯប្ដីឈ្មោះ ប៊ុន ឡេងប៉ូច អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកពង់ចាម មានកូនប្រុសម្នាក់អាយុ៦ឆ្នាំនៅក្នុងបន្ទុកគ្រួសារ ។

តាមការរៀបរាប់ពីសំណាក់ស្រ្តីខាងលើថា នាង និងប្ដីបានរស់នៅជាមួយគ្នាជាប្ដីប្រពន្ធដោយមិនបានរៀបការ អស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ដោយប្ដីមានមុខរបរជាកម្មករសំណង់ ចំណែកនាងមានមុខរបរ ជាអ្នកលក់ពងទាកូន ។ ពេលនោះនាង និងប្ដីបានស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូសជាមួយគ្នាជាបន្តបន្ទាប់ រហូតត្រូវប្ដីប្រើហិង្សាជាញឹកញាប់មកលើរូបនាង មិនតែប៉ុណ្ណោះឲ្យតែពេលខឹងបន្តិចបន្តួច លោកប្ដីបានវេចបង្វិចចាកចោលនាងបាត់មួយរយៈពេល លុះពេលនឹកឃើញចង់រកនាង ទើបវិលត្រឡប់ទៅរកនាងវិញ គឺធ្វើបែបនេះជាច្រើនលើកច្រើនសារ ។ ដោយទ្រាំនិងទង្វើរនោះមិនបាន ទើបគាត់សម្រេចដាក់ពាក្យបណ្ដឹង សុំឲ្យនគរបាលចុះទៅឃាត់ខ្លួន ចាត់ការតាមច្បាប់ និងសុំលែងលះប្តីនោះចោល ឈប់យកទៀតហើយសុខចិត្តនៅតែ២នាក់កូនវិញប្រសើរជាង។

ចំណែកបុរសជាប្ដី បាននិយាយថាគាត់ និងប្រពន្ធគឺចេះតែមានភាពរកាំរកូស និងគ្នាពិតមែន ព្រោះខ្លួនប្រច័ណ្ឌប្រពន្ធ ដោយកាលពី២ទៅ៣ឆ្នាំមុន ខ្លួនបានដឹងថាប្រពន្ធផិត ក្បត់លួចលាក់ ទៅមានស្នេហាជាមួយ ប្រុសម្នាក់ទៀតជាកូនប្រុសម្ចាស់ផ្ទះជួល ដែលមានវ័យក្មេងជាងរូបគេដែលជាប្ដីទៅទៀត ។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យគ្រួសារគ្មានសេចក្ដីសុខ និងមានទំនាស់គ្នាកើតឡើងជាហូរហែមកដល់សព្វថ្ងៃនេះ៕

https://youtu.be/SZiiwxalO5k

មតិយោបល់