ព័ត៌មានជាតិ

ស្លាប់ម្នាក់ទៀតហើយទាំងព្រឹកព្រលឹម និងម្នាក់ទៀតរបួសធ្ងន់ នៅផ្លូវ៣០ម៉ែត្រ..

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-5893 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ដោយបម្រុងនឹងបត់ឆ្វេងក៏មានយុវជនម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AV-5693 បើកបរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកយុវជនដែលជិះម៉ូតូដែលបម្រុងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់ជើងខាងស្តាំនិងបែកក្បាលខាងក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបង្កររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សពជនរងគ្រោះមានឈ្មោះ សៀង មករា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិស្សិតសាលាកសិកម្មព្រែកលាប មានស្រុកកំណើតនៅភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌសែនសុខសហការជាមួយចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែងនៅកន្លែងកើតហេតុ។ ក្រោយមកក៏បានយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍រាជធានីភ្នំពេញ។

ចំណែកសពបុរសខាងលើសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់