ព័ត៌មានជាតិ

លឿនពេកអញ្ចឹង! កាមរីបាឡែនបើកដូចឡានប្រណាំង ទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: បុរសម្នាក់ បើករថយន្តកាមរីបាឡែន លឿនដូចឡានប្រណាំង តាមបណ្ដោយផ្លូវ១៨២ រេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃនៅនឹងកន្លែង នៅម្ដុំសំណង់អាគារស្តាតអូឡាំពិក បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ នៅវេលាម៉ោង១និង១០នាទីឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីជាកម្មករសំណង់ដែលនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ភ្នាក់ងារ Post Newsថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2021 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើតខណ:មកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូវផ្លូវយ៉ាងពេញទំហឹងបណ្ដលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ នឹងរងការខូចខាតទាំងស្រុង។ រីឯម្ចាស់រថយន្តរងរបួសស្រាល បានធាក់ទ្វារថយន្តខាងឆ្វេងវា ចេញមកខាងក្រៅរួចឡើងជិះរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកធ្វើការវាស់វែង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមច្បាប់ ៕

មតិយោបល់