ភ្នំពេញ: ភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីបុរសពីរនាក់បានផឹកស្រាស្រវឹងស្រឿងៗ ពេលឃើញបុរសម្នាក់ទៀត ដើរកាត់ស្រាប់តែនិយាយឌឺដង ព្រោះតែខឹងសម្បារទៅលើប្រធានក្រុមបុរសម្នាក់នោះ ហើយក៏ស្ទុះទៅវាយ បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ជួលជនដៃដល់ មុខរោងចក្រប៊ឺរី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយជនរងគ្រោះក៏រត់ទៅដាក់ពាក្យបណ្តឹងភ្លាមៗផងដែរតែជនដៃដល់គេចខ្លួន ។ លុះវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ទើបជននោះមកបន្ទប់ជួលវិញជនរងគ្រោះឃើញក៏រត់ទៅប្តឹងសមត្ថកិច្ចអោយចាប់នាំខ្លួនមកប៉ុស្តិ៍ចោមចៅតែម្តង ។
ប្រភពបានបន្តទៀតថា ជនរងគ្រោះឈ្មោះ សុន សុខហេង ភេទប្រុសអាយុ៣០ឆ្នាំមខរបរ លក់កាហ្វេ ស្នាក់នៅបន្ទប់ជួល មុខរោងចក្រប៊រី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
រីឯជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ ហៀង រ៉ា អាយុ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ជនសង្ស័យទី២ឈ្មោះ ញ៉ុង ជុន អាយុ២៨ឆ្នាំ មុខរបរកម្មករោងចក្រអ្នកទាំងពីរស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសំដីជនរងគ្រោះបានឲ្យុដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដើរចេញពីបន្ទប់ជួលបំណងទៅបន្ទប់មិត្តភក្តិដែលនៅខាងក្រោយគ្នា ពេលដើរទៅដល់មុខបន្ទប់ជនដៃដល់ ស្រាប់តែជនដៃដល់កំពុងផឹកសុីមានគ្នា៣នាក់ភ្លាមនោះស្រាប់តែជនដៃដល់បាននិយាយថា “អាមួយហ្នឹងកូនចៅអាម៉ាប់ អ្ហែងចង់ខ្លាំងមែន?” ពេលនោះរូបគេបានតបថាបើបងចង់រករឿងបងម៉ាប់បងទៅរកគាត់ទៅខ្ញុំមិនដឹងអីទេ ។
សាក្សីដដែលបានបន្តថា ភ្លាមនោះស្រាប់តែជនដៃដល់ហក់មកវាយ ទៅលើរូបគាត់បណ្តាលអោយរងរបួសផងដែរ ។ ក្រោយពេលកើតហេតុរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ ដើម្បីសុំការអន្តរាគមន៍ តែពេលនោះជនដៃដល់បានគេចខ្លួនបាត់លុះរហូតមកដល់វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៧ ទើបជនដៃដល់មកបន្ទប់ជួលវិញ ជនរងគ្រោះក៏បានប្រាប់សមត្ថកិច្ចឃាត់ខ្លួនតែម្តង ។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានទទួលកំហុសនិងសងថ្លៃជំងឺចិត្តទៅលើជនរងគ្រោះចំនួន៣០០ដុល្លារ ដើម្បីកុំវែងឆ្ងាយ និងសុំបញ្ចប់រឿងត្រឹមហ្នឹងតែម្តង ៕
មតិយោបល់