ព័ត៌មានជាតិ

ពេទ្យសត្វឃាត់រថយន្តរបស់ក្រុមហ៊ុន W.T.G វើលដ៍ត្រេឌីងគ្រុប ដឹកមាន់លើសកំណត់

កណ្តាល: រថយន្តដឹកមាន់របស់ក្រុមហ៊ុន W.T.G វើលដ៍ត្រេឌីងគ្រុប ត្រូវបានកម្លាំងពេទ្យសត្វខេត្តកណ្តាល សហការជាមួយកម្លាំងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម និងសមាគមន៍អ្នកចិញ្ចឹមមាន់នៅកម្ពុជា ចុះឃាត់ត្រួតពិនិត្យមើលរកឃើញមាន់ចំនួន៥០០ក្បាលដែលក្រុមហ៊ុនលួចបង្កប់ដាក់ដឹក មកជាមួយមាន់ស្របច្បាប់ដែលគេនាំចូលមកកាន់ទីផ្សារកម្ពុជា និងនាំយកទៅរក្សាទុក រួចយកសំណាកមាន់៣ក្បាលទៅពិសោធន៍នៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីពិនិត្យសុខភាពសត្វមាន់ទាំងនោះ។

ការចុះឃាត់នេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៨ ក្នុងឃុំជន្លឹង ស្រុកមុខកំពូល ខេត្តកណ្តាល។

ក្នុងការចុះឃាត់នេះ ដឹកនាំដោយលោក ម៉ៅ សាវុធ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមានការចូលរួមពីលោក អ៊ុល ដូរិន ប្រធានការិយាល័យពេទ្យសត្វខេត្តកណ្តាល និងលោក ឆាយ សុខហួ ប្រធានសមាគមន៍អ្នកចិញ្ចឹមមាន់នៅកម្ពុជា។

លោក អ៊ុល ដូរិន បានប្រាប់ភ្នាក់ងារPost News ថា រថយន្តដែលត្រូវឃាត់នោះជាប្រភេទរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 3B-2419 អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ របស់ក្រុមហ៊ុន W.T.G វើលដ៍ ត្រេឌីងគ្រុប ដែលគ្រប់គ្រងដោយឈ្មោះសុខ ចេង ភេទស្រី មានទីលំនៅផ្ទះលេខ២៨០អឺ១ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ មានសិទ្ធដឹកដឹកជញ្ជូនសត្វ និងផលិតផលមានដើម កំណើតពីសត្វ (នៅរស់)ដែល១រថយន្តនោះដឹកបានត្រឹមតែ៣,០០០ក្បាលនោះទេ ដោយដឹកចេញពីប្រទេសវៀតណាមចូលមកតាមច្រកម៉ឺនជ័យ ខេត្តព្រៃវែង ។

លោកបានបន្តថា ការចុះរថយន្តដឹកមាន់របស់ក្រុមហ៊ុន W.T.G វើលដ៍ ត្រេឌីងគ្រុបនេះ គឺដោយសារមានការសហការពីលោកប្រធានសមាគមន៍អ្នកចិញ្ចឹមមាន់នៅកម្ពុជា ដែលឃ្លាំងមើលការដឹកជញ្ជូនសត្វមាន់នោះពេលដឹងថា ឈ្មួញបានលួចបង្កប់ដឹកសត្វមាន់លើសចំនួនក្នុងលិខិតអនុញ្ញាត បានរាយការណ៍ទៅនាយកដ្ឋានសុខភាពសត្វនិង ផលិតកម្មសត្វចុះមកឃាត់រួចពិនិត្យទៅរកឃើញថា ក្រុមហ៊ុនបានដាក់លើសកំណត់ក្នុងលិខិតអនុញ្ញាតឲ្យនាំមាន់ចូលមកកាន់ទីផ្សារកម្ពុជារហូតដល់ទៅ៥០០ក្បាល។

ក្រោយមកកម្លាំងបានយកសត្វមាន់ដែលលើសនោះយកទៅរក្សាទុកនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីរង់ចាំខាងមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចេញលទ្ធផលពិសោធន៍សិន ក្រែងលោ មាន់ទាំងនោះមានជំងឺធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានសាច់មាន់ ហើយបើពិនិត្យទៅរកឃើញថា សត្វមាន់ទាំង៥០០ក្បាលនេះមានជំងឺណាមួយ យើងនិងចាត់ការវិធានការកម្ទេចចោលតែម្តង។

លោកបានបន្តថា ចំណែកឯមាន់ដែលគ្រប់ចំនួនទៅតាមលិខិតអនុញ្ញាតឲ្យនាំចូលនោះគឺបានអនុញ្ញាត ដឹកទៅកាន់ក្រុមហ៊ុនដោយបានធ្វើការអប់រំណែនាំដល់តំណាងក្រុមហ៊ុនកុំឲ្យលួចបង្កប់ដឹកលើសកំណត់បែបនេះទៀត ។

មតិមហាជនបានលើកឡើងថា ក្រុមហ៊ុននេះ មិនមែនទើបតែលួចដឹកបង្កប់ម្តងនេះទេ គឺគេបានធ្វើសកម្មភាពជាយូរមកហើយ ដូច្នេះកម្លាំងគួរតែចាត់វិធានការ តឹងរឹងទៅលើក្រុមហ៊ុន។ ចំណែកឯរថយន្ត នោះគឺជារថយន្តល្មើសច្បាប់ ដូច្នេះមិនគួរអនុញ្ញាតឲ្យដឹកបន្តទៅបានទេ។ ម្យ៉ាងវិញទៀតមាន់ដែលគេ លួចដឹកបង្កប់ដោយមិនមានការត្រួតពិនិត្យនោះ យើងមិនអាចកំណត់បានថា ជាទ្រង់មួយណាបានដែរ ដូច្នេះគួរតែទុកពិនិត្យសុខភាពទាំងអស់សិននិងអាចពិន័យឲ្យចាស់ដៃដើម្បីឲ្យក្រុមហ៊ុនរៀងចាល បើមិនដូច្នេះទេ គេនៅតែបន្តលួចដឹកលាយសត្វមាន់មិនបានពិនិត្យសុខភាពដដែល ៕

មតិយោបល់