ព័ត៌មានជាតិ

Update : បើកបរក្នុងល្បឿនលឿនពេលស្រវឹង ស្លាប់ម្នាក់ទៀតហើយ នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់: លោកអធិការស្រុកភ្នំក្រវាញបានប្រាប់ Post News ថា កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុងភូមិកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ លើផ្លូវលំគ្រួសក្រហម គឺរថយន្តមួយគ្រឿងបើកក្រឡាប់ខ្លួនឯង ។

លោកអធិការបានបន្តថា រថយន្តនោះម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ទឹកប៊ិច ផលិតឆ្នាំ១៩៩៨ ស្លាកលេខភ្នំពេញ 2D-7871 បើកបរក្នុងទិសដៅពីត្បូងទៅជើងមានល្បឿនលឿន រេរចង្កូតធ្លាក់ផ្លូវបុកគល់ត្នោតហើយក្រឡាប់តែម្តង ក្នុងនោះមានអ្នកជិះក្នុងរថយន្តចំនួន០៣នាក់ រស់នៅភូមិឃុំជាមួយគ្នា ។ ដែលអ្នកបើកបរមានឈ្មោះ កាន រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ មុខរបរកសិករ រងរបួសធ្ងន់រហូតស្លាប់នៅកន្លែងកើតហេតុភ្លាមៗ រីឯជនរងគ្រោះដែលជិះពីក្រោយ២នាក់ទៀត ទី១មានឈ្មោះ កាន កេន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងជនរងគ្រោះដែលជិះពីក្រោយទី២មានឈ្មោះ គយ ងៀន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រងរបួសស្រាល ។

បច្ចុប្បន្នក្រោយពីសមត្ថកិច្ចចុះធ្វើកំណត់ហេតុនិងកោសលវិច័យឃើញថាជនគ្រោះដែលស្លាប់ដោយសារបើកបរក្នុងល្បឿនលឿន និងមានពិសារគ្រឿងស្រវឹងផងដែរទើបបណ្តាលឲ្យបាត់បង់ភាពម្ចាស់ការលើខ្លួនឯងរហូតជួបករណីគ្រោះថ្នាក់ដល់ជីវិតបែបនេះ រីឯវត្ថុតាងរថយន្តនិងសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុកនិងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់