ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូជាមួយនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ ដោយភ្លាមៗនោះ ស្រាប់តែមានជនឆ្លៀតឱកាសម្នាក់ មកធ្វើសកម្មភាពលួចដោះខ្សែក និងលើកម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង ជិះចេញពីកន្លែងកើតហេតុបាត់ ដោយសុវត្ថិភាព។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១ និង៤០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចគល់ស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ១៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ស៊េរី០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FM-5336 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម មកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ១៦៥ ស្របគ្នានោះ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកZOOMER-X ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FM-8367 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ១៦៥ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូស្កុបពីចំពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ZOOMER-X រងរបួសសន្លប់ស្ដូកស្ដឹង រីឯអ្នកអង្គុយខាងក្រោយរងរបួសស្រាល។ ចំណែកឯម៉ូតូស្កុបពី រងការខូចខាតបែកកាបាំងខាងស្តាំ និងស្ត្រីជាអ្នកបើកបររងរបួសបែកមុខបែកមាត់។
ប្រភពដដែលបន្តថា ភ្លាមៗនេះក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានដើរមកកន្លែងកើតហេតុ ហើយបានលើកម៉ូតូស្កុបពីរបស់ស្ត្រីរងគ្រោះ លួចជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយសុវត្ថិភាព។
ភ្លាមៗនោះ រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកសម្ភពរស្មី បានចុះមកធ្វើការដឹកបុរសរងគ្រោះ ដែលសន្លប់ស្ដូកស្ដឹង យកទៅសង្គ្រោះ ខណៈបុរសម្នាក់ទៀត ដែលជាអ្នកអង្គុយពីក្រោយ បានលើកម៉ូតូរបស់ខ្លូន ជិះទៅតាមរថយន្តសង្គ្រោះបន្ទាន់ផងដែរ។
មួយស្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយក៏បានជួយធ្វើការទំនាក់ទំនង ស្វែងរកសាច់ញាតិរបស់ស្ត្រីរងគ្រោះផងដែរ។
ក្រោយមកក៏មានសាច់ញាតិក្រុមគ្រួសារស្ត្រីរងគ្រោះ បានមកដល់កន្លែងកើតហេតុ ប៉ុន្តែដោយស្ត្រីរងគ្រោះរងរបួស មិនអាចនិយាយបាន ទើបសមត្ថកិច្ចប្រាប់ឲ្យសាច់ញាតិ ធ្វើការបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រង់ចាំត្រលប់មកធ្វើការដាក់ពាក្យបន្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១វិញ៕
https://www.youtube.com/watch?v=Mom54feugU8
មតិយោបល់