ព័ត៌មានជាតិ

Update៖ រថយន្តដឹកក្រដាស់កាតុង បើកបុកស្រ្តីម្នាក់ ដាច់ជើងម្ខាងត្រឹមភ្លៅរួចជ្រុលទៅបុកបង្គោលភ្លើង១ដើមទៀត

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារ Post News ប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកក្រដាស់កាតុង១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតជ្រុលទៅបុករះ ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ដែលកំពុងចតស្ងៀម បង្កការខូចខាតយ៉ាងដំណំ ហើយមិនព្រម ឈប់ស្ងៀមឡើយ បានជ្រុលបន្តទៅបុក កម្មការិនីរោងចក្រម្នាក់ ដែលកំពុងឈរ នៅតាមចិញ្ចើមផ្លូវរុញផ្ទប់ ជាមួបង្គោលភ្លើង ១ដើម ដែលស្ថិតនៅក្បែរនោះ បណ្ដាលឲ្យរងរបួសដាច់ជើងម្ខាងត្រឹមភ្លៅ និងបាក់ដៃឆ្វេងដេកសន្លប់ស្ដូកស្ដឹងតែម្ដង។

អ្នកបើកបររថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន រួចនាំទៅប្រគល់ ឲ្យនគរបាលសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុង ស្ថិតនៅក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយាន់ដាយពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ3C-5550 ចំណុះ៥តោនដឹកក្រដាសកាតុងក្រុមហ៊ុន ហាតា បើកបរដោយឈ្មោះ ផន សុផល អាយុ៣០ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកនារីរងគ្រោះឈ្មោះ ធន ណយ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រយីហោ ស៊ូមិ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើត ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។រីឯម៉ូតូសណ្ដោងរ៉ឺម៉ក ដែលត្រូវរថយន្តបុក បណ្ដាលឲ្យរងការខូចខាតដែរនោះ ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-0276 អ្នកបើបរមិនស្គាក់ឈ្មោះឡើយ។

ប្រភពពដដែល បានបន្តថា នៅមុនពេលកើតហេតុ រថយន្តបង្កនោះ បានបើកបរធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅឆ្វេងដៃ ហើយបានបុកម៉ូតូសណ្ដោងរ៉ឺម៉កកង់បី១គ្រឿង ដែលម្ចាស់ចតទុកចោល នៅលើចិញ្ចើមផ្លូវបេតុងខាងលើនោះ មុខកន្លែងលក់ចាប់ហ៊ួយ បណ្ដាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនោះ រងការខូចខាតយ៉ាងដំណំ បន្ទាប់មករថយន្តបង្ក បានជ្រុលទៅបុកស្ត្រីរងគ្រោះ ដែលកំពុងឈរនៅជិតបង្គោលភ្លើង យ៉ាងពេញទំហឹងរុញផ្ទប់ បង្គោលនោះ បណ្ដាលឲ្យនាងរងគ្រោះដាច់ជើងម្ខាងខាងស្តាំត្រឹមភ្លៅ និងបាក់ដៃឆ្វេង ព្រមទាំងបាក់បង្គោលដែលមានប្រអប់ត្រង់ហ្វូ និងកាប៊ីនភ្លើងនៅជាប់នោះជាច្រើនថែមទៀត ទើបរថយន្តនោះឈប់ស្ងៀមហើយអ្នកបើកបរ ត្រូវបាន ប្រជាពលរដ្ឋឃាត់ខ្លួនបាន ប្រគល់ទៅឲ្យនគរបាលប៉ុស្ដិ៍កន្ទោក បញ្ជូមបន្តទៅកាន់ ការិយាល័យនគរបាល ចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់