ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់! ក្រោយស្រវឹងបើករថយន្តទៅបុកបង្គោលភ្លើងនិងដើមឈើក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ ដោយសារតែស្រវឹងបើករថយន្តលឿនដល់ចំណុចផ្លូវកោង បែរជាបើកត្រង់ភ្លឹងមិនកោងតាមផ្លូវ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម និងបន្តទៅបុកបាក់ដើមឈើទំហំប៉ុនភ្លៅមួយដើមទៀតក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខវិទ្យាល័យជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាបុរស អាយុប្រហែល៤០ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7135 ។

តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបើកតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ពេលមកដល់មុខវិទ្យាល័យ ជា ស៊ីមសាមគ្គី ដែលជាកន្លែងកើតហេតុនោះផ្លូវមានសភាពកោង តែអ្នកបើកបែរជាបើកត្រង់ភ្លឹងទៅវិញធ្វើឲ្យរថយន្តជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺបាក់មួយដើម ដោយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកដើមឈើមួយដើមទៀតបាក់ចំពាក់កណ្តាល និងក្រឡាប់ផ្ងារជើងឡើងលើទ្រមេឃតែម្តងបណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះអ្នកឃើញហេតុការណ៍ នៅក្បែរកន្លែងកើតហេតុបានរត់ទៅជួយទាញអ្នកបើកបរចេញពីក្នុងរថយន្ត និងបានទាក់ទងទៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងទៅកម្លាំងជំនាញមកស្ទូចយកថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់ ៕

មតិយោបល់