ព័ត៌មានជាតិ

គយក្រុងប៉ោយប៉ែត បើកឡានប្រដេញ ក្រុមតាក់ស៊ីដឹកទំនិញបន្លំគេចពន្ធ ចាប់បានម្ចាស់វាយទ្រមខ្លួន

ប៉ោយប៉ែត: ម្នាក់ៗភ្ញាក់ផ្អើលជាមួយនិងព្រលឹងចុងសក់ ខណ:បានឃើញពីសកម្មភាពរបស់មន្ត្រីគយ ប្រចាំការដាក់ប៉ុស្តិ៍ខាងលិចកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្រដេញ រថយន្តតាក់ស៊ីលួចដឹកទំនិញគេចពន្ធបន្តិចបន្ទួច បើកក្នុងល្បឿនលឿនដូចប្រណាំងឡានខណ:ម្ចាស់រថយន្តតាក់ស៊ីនោះមិនបានចូលបង់លុយឲ្យ និងចាប់ម្ចាស់រថន្តវាយដំ ទាត់ ធាក់ ឡើងទ្រមខ្លួន រួចចាប់ខ្លួនយកទៅស្នាក់ការ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នៅសង្កាត់និម្មិត ក្រុងប៉ោយប៉ែត។

ប្រភពបានឲ្យដឹងថា ការបើកឡានប្រដេញឡានតាក់ស៊ីពីមន្ត្រីគយ បើកបុកនិងបិទផ្លូវពីមុខរថយន្ត ក៏បណ្ដាលឲ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ពោលគឺរថយន្តរបស់មន្ត្រីគយនឹងរថយន្តតាក់ស៊ី។

ក្នុងនោះមន្ត្រីគយបានតម្រូវឲ្យសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលរួមដំណើរផងជាមួយគ្នា ទៅអូសតៃកុងរថយន្តតាក់ស៊ី វាយតប់ ទាត់ ធាក់ យ៉ាងសាហាវឃោឃៅ ព្រមទាំងនាំខ្លួនអ្នកបើកបររថយន្តតាក់ស៊ីនិងរថយន្តជាមធ្យោបាយដឹកទំនិញគេចពន្ធយកទៅស្នាក់ការគយ។

គេមិនបានដឹងថា រថយន្តតាក់ស៊ីនោះ ដឹកទំនិញគេចពន្ធអ្វីនោះទេ។

ប្រជាពលរដ្ឋរិះគន់ថា មន្ត្រីគយដាក់ប៉ុស្តិ៍ប្រចាំនៅចំណុចកូនដំរី ប្រៀបបាននិងកុងត្រូលជជុះ ព្រោះជាទម្លាប់គេតែងតែឃើញថា បើរថយន្តដឹកទំនិញ មានអ្នកចូលបង់លុយ មិនចាប់ តែបើក្រុមតាក់ស៊ីមិនបានបង់លុយ បើកឡានប្រដេញបង្កើតជាកំហឹងឆេវឆាវ ហើយខ្លះទៀតមានរថយន្តតាក់ស៊ីនិងរថយន្តដឹកទំនិញគេចពន្ធដាក់ខែ ហាក់ដូចជាចំណាំច្បាស់ មិនដេញ មិនហៅ ទុកឲ្យឆ្លងកាត់តាមអំពើចិត្ត៕

photo_2016-05-14_10-34-38 photo_2016-05-14_10-34-37 photo_2016-05-14_10-34-37 (2) photo_2016-05-14_10-34-36 photo_2016-05-14_10-34-34

មតិយោបល់